(វ៉ាស៉ីនតោន)៖ នៅថ្ងៃសៅរ៍នេះ ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានទទួលជោគជ័យជាថ្មីម្តងទៀត ក្នុងការបាញ់បញ្ជូនក្រុមផ្កាយរណប អ៉ីនធើណិតហៅថា «Starlink» ឡើងទៅកាន់ទីអវកាស ដោយលើកនេះមានចំនួន៥៨គ្រឿង។ នេះបើតាមការចេញផ្សាយដោយវែបសាយ ព័ត៌មាន Space.com នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។

ក្រៅពីផ្កាយរណប Starlink ៥៨គ្រឿងខាងលើ ផ្កាយរណបតូចៗ៣គ្រឿងផ្សេងទៀត សម្រាប់អង្កេតផែនដីក៏បានផ្ញើខ្លួនទៅជាមួយគ្នាផងដែរ ។ ពួកវាទាំងអស់ត្រូវបានបញ្ជូនឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ផ្ទាល់ នៅវេលាម៉ោង០៥៖២១នាទី ទាបភ្លឺថ្ងៃសៅរ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ចេញពីមូលដ្ឋាននៅជ្រោយ Canaveral នៃរដ្ឋផ្លូរីដា។

វាគឺជាការបាញ់បញ្ជូនក្រុមផ្កាយរណប Starlink លើកទីពីរហើយ ក្នុងខែមិថុនានេះ ហើយមួយជើងទៀត នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន SpaceX ក៏មានគម្រោងបាញ់ឲ្យបាន៤ជើង នៅក្នុងមិថុនានេះ ដើម្បីបង្កើតកំណត់ត្រាថ្មីផងដែរ។

គួរជម្រាបថា សរុបមកទល់ឥឡូវ ផ្កាយរណប Starlink សរុប៥៤០គ្រឿង ត្រូវបានយកទៅដាក់ពង្រាយនៅទីអវកាស បន្ទាប់ពីមានការបាញ់ បញ្ជូនក្រុមផ្កាយរណបនេះសរុប៩ជើងមកហើយ។ ជើងដំបូងបំផុត ត្រូវបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០១៩ ហើយជាទូទៅមួយជើងៗ ផ្កាយរណបខ្ទង់៦០គ្រឿង ត្រូវបានបញ្ជូនឡើងទៅទីអវកាស។

គម្រោងរបស់ SpaceX គឺ ដាក់ពង្រាយឲ្យបានសរុបជាង១ម៉ឺនគ្រឿង ប៉ុន្តែ លោក Elon Musk នាយកប្រតិបត្តិរបស់ SpaceX ធ្លាប់និយាយថា ដើម្បីអាចផ្គត់ផ្គង់អ៉ីនធើណិតក្នុងល្បឿនមធ្យមសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក និងកាណាដា គឺត្រូវការត្រឹមយ៉ាងតិច៨០០គ្រឿង ប៉ុណ្ណោះ ជាជំហានចាប់ផ្តើមដំបូង៕