(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលីនាថ្ងៃសៅរ៍នេះបានឲ្យដឹងថា បុរសជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិតនៅប្រទេសចិន ខណៈ ការវិវឌ្ឍនេះត្រូវគេមើលឃើញថា អាចនឹងបង្កើនភាពតានតឹងថែមទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងការបរទេសអូស្រ្តាលីបានប្រាប់ថា ខ្លួនកំពុងតែព្យាយាមផ្តល់ការជួយតាមច្រកការទូតដល់បុរសខាងលើ ដោយមិនបានបញ្ជាក់អំពី អត្តសញ្ញាណរបស់គាត់ឡើយ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេសអូស្រ្តាលី និងនៅក្នុងប្រទេសចិន បុរសម្នាក់នោះឈ្មោះ Cam Gillespie ដែលត្រូវបានអាជ្ញាធរចិនចាប់ខ្លួនកាលពី៧ឆ្នាំមុន ពីបទរត់ពន្ធគ្រឿងញៀននៅភាគខាងត្បូងប្រទេសចិន។
ជាមួយគ្នានោះ ក្រសួងការបរទេសអូស្រ្តាលីបានសម្តែងការសោកស្តាយចំពោះការផ្តន្ទាទោសរបស់តុលាការចិន ហើយបានបង្ហាញជំហរ ប្រឆាំងដាច់ខាតចំពោះការកាត់ទោសប្រហារជីវិតលើមនុស្សគ្រប់រូប មិនថាក្នុងកាលៈទេសៈណានោះទេ។ លោក Gillespie ត្រូវបានចាប់ ខ្លួនកាលពីឆ្នាំ២០១៣ ជាមួយគ្រឿងញៀនមេតាំហ្វេតាមីនទម្ងន់ជាង៧.៥គីឡូក្រាមក្នុងវ៉ាលីរបស់លោក ពេលព្យាយាមឡើងជើងហោះហើរ អន្តរជាតិមួយ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Baiyun នៅទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន។
គួរជម្រាបថា ទំនាក់ទំនងការទូតរវាងទីក្រុងប៉េកាំងនិងទីក្រុងកង់បេរ៉ា បានធ្លាក់ចុះដុនដាប ចាប់តាំងតែពីអូស្រ្តាលីបានប្រកូកប្រកាសឲ្យ មានការស៉ើបអង្កេតជាអន្តរជាតិមួយ ទៅលើប្រភពនិងការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុង Wuhan នៃប្រទេសចិន។ កំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ចិនបានដាក់បម្រាមលើការនាំចូលផលិតផលសាច់គោអូស្រ្តាលី និងដំឡើងពន្ធ លើគ្រាប់ធុញ្ញជាតិម៉្យាងរបស់អូស្រ្តាលី។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងក៏បានណែនាំមិនឲ្យភ្ញៀវទេសចរចិន ធ្វើដំណើរកម្សាន្តនៅប្រទេស អូស្រ្តាលីផងដែរ៕