(គូឡាឡំាពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ បានចាត់ទុកថា ការជាប់ឆ្នោតជាថ្មីម្ដងទៀត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខនេះ គឺជា «គ្រោះមហន្តរាយមួយ» ខណៈសកម្មភាពអរិភាពរបស់លោក ត្រាំ ចំពោះចិន នាពេលកន្លងមក អាចយកមកធ្វើជាឧទាហរណ៍ស្រាប់។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។
លោក មហាធៀ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី This Week In Asia នៃសារព័ត៌មាន Sout China Morning Post នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី វ័យ៩៤ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំមិនធ្លាប់គិតឡើយថាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី អាមេរិក ប៉ុន្តែគាត់បានឈ្នះរួចទៅហើយ...ហើយឥលូវ អ្នកខ្លះបាននិយាយថាមនុស្សជាច្រើននឹងគាំទ្ររូបលោក តែនេះនឹងក្លាយជាគ្រោះមហន្តរាយ។
លោក មហាធៀ បន្ថែមថា ខ្ញុំមិនដឹងទេថាតើលោក ត្រាំ នឹងជាប់ឆ្នោតជាថ្មីឬក៏យ៉ាងណា...ក៏ប៉ុន្តែខ្ញុំសង្ឃឹមថាអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden នឹងមានភាពខុសប្លែកពីរូបលោក ព្រោះគាត់ជាមនុស្សមានហេតុផល។ ខ្ញុំបានប្រាប់ប្រជាជនអាមេរិកមួយចំនួន ថាខ្ញុំគាំទ្រលោក Biden ទោះបីជាខ្ញុំគ្មានសិទ្ធិបោះឆ្នោត ក៏ដោយ»។
គួរជម្រាបថា នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអនឡាញជាមួយសារព័ត៌មាន South China Morning Post លោក មហាធៀ មហាំម៉ាត់ ក៏បានច្រានចោលផងដែរការអះអាង របស់លោក ដូណាល់ ត្រាំ ថាចិនគឺជាអ្នកទទួលខុសត្រូវចំពោះ ការឆ្លងរាតត្បាត COVID-19 ខណៈលោកផ្ទាល់កោតសរសើរការវិធានការឆ្លើយតបរបស់ម៉ាឡេស៊ី ទៅនឹង ជំងឺឆ្លងដ៏កាចសាហាវនេះ៕