(សេអ៊ូល)៖ មន្ត្រីសុន្តិសុខកំពូលៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាគ្នាពីការព្រមានជាបន្តបន្ទាប់ ក្នុងនោះរួមមាន ជម្រើសយោធាពីសំណាក់កូរ៉េខាងជើង ដែលកំពុងបង្កឱ្យមានភាពតានតឹងរឹតតែខ្លាំងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ កិច្ចប្រជុំបន្ទាន់ខាងលើដឹកនាំដោយនាយកទីប្រឹក្សាសុន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong ធ្វើឡើងបន្ទាប់ពីប្អូនស្រី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាអ្នកនាង គីម យូ ជុង (Kim Yo Jong) បានព្រមានជាថ្មីម្ដងទៀតថាទីក្រុង ព្យុងយ៉ាង នឹងចាត់វិធានការសងសឹក ក្នុងនោះរួម មានទាំងសកម្មភាពយោធា ប្រឆាំងនឹងការបង្ហោះសារប្រមាថ និងរិះគន់លោក គីម ដោយប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅជ្រកកោននៅលើទឹកដីកូរ៉េខាងត្បូង។
អ្នកនាង គីម យូជុង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយសារព័ត៌មាន KCNA ដូច្នេះថា៖ «តាមរយៈការអនុវត្តអំណាចរបស់ខ្ញុំ ដោយមានការ អនុញ្ញាតពីមេដឹកនាំកំពូល, គណបក្ស និងរដ្ឋរបស់យើង ខ្ញុំបានផ្ដល់ការណែនាំទៅកាន់...នាយកដ្ឋានទទួលបន្ទុកកិច្ចការជាមួយសត្រូវ ដើម្បីចាត់វិធានការជាជំហានបន្ទាប់»។ វិធានការជំហានបន្ទាប់មិនត្រូវបានអ្នកនាង គីម បញ្ជាក់ឱ្យច្បាស់នោះទេ ប៉ុន្តែបើតាម KCNA វិធានការទំាងនោះក៏រួមមានទាំងជម្រើសយោធាផងដែរ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានផ្ទុះឡើងខ្លាំងកាលពីសប្ដាហ៍មុន ក្រោយទីក្រុងព្យុងយ៉ាង ប្រកាសកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់ជាមួយទីក្រុង សេអ៊ូល ជាការសម្ដែងការខឹងសម្បារចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបរាជ័យក្នុងការទប់ស្កាត់ការបង្ហោះសារប្រមាថ និងរិះគន់លោក គីម ជុងអ៊ុន ដោយប្រជាជន កូរ៉េខាងជើង ដែលកំពុងរស់នៅជ្រកកោននៅលើទឹកដីកូរ៉េខាងត្បូង។ កូរ៉េខាងជើងបានចាត់ទុកថា ការបណ្តែតបណ្តោយឲ្យរឿងបែបនេះកើតឡើង គឺជាការបំផ្លាញ ចោលនូវអ្វីៗដែលលោក មូន ចេអ៉ីន និងលោក គីម ជុងអ៊ុន បានសាងរួមគ្នាកន្លងមក៕