(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច ៣៦នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក កំឡុងការប៉ះទង្គិចគ្នា នៅក្នុងបាតុកម្មតវ៉ាមួយ បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ទៀត ត្រូវបានប៉ូលិសសម្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បុរសស្បែកខ្មៅខាងលើមានឈ្មោះថា Rayshard Brooks អាយុ២៧ឆ្នាំ បានដេកលង់លក់នៅក្នុងរថយន្ដរបស់ខ្លួន នៅក្បែរភោជនីយដ្ឋាន Wendy's ក្នុងទីក្រុង Atlanta។ ប៉ុន្តែ នៅពេលប៉ូលិសមកដល់ រូបគេបានបដិសេធមិនឱ្យពិនិត្យជាតិស្រវឹង ហើយបានតដៃជាមួយប៉ូលិស ជាហេតុធ្វើឱ្យប៉ូលិសម្នាក់បាញ់ សម្លាប់រូបគេតែម្ដង។
ក្រោយហេតុការណ៍នេះកើតឡើង បាតុកម្មតវ៉ាក៏បានផ្ទុះឡើងផងដែរ ហើយប៉ុន្មានម៉ោងក្រោយការតវ៉ា ស្នងការប៉ូលិសទីក្រុង Atlanta លោកស្រី Erika Shields បានសម្រេចចិត្តលាលែងចេញពីតំណែង រីឯប៉ូលិសម្នាក់ដែលមានជាប់ពាក់ព័ន្ធបាញ់សម្លាប់ Rayshard Brooks ត្រូវបានបណ្ដេញចេញពីតំណែង ខណៈម្នាក់ទៀត ជាប់ពិន័យរដ្ឋបាល។ បន្ថែមពីលើនេះ នៅក្នុងបាតុកម្មតវ៉ានេះទៀតសោត ការប៉ះទង្គិចគ្នាដោយហិង្សារវាងបាតុករ និងប៉ូលិសក៏បានផ្ទុះឡើងផងដែរ ជាហេតុបង្ខំឱ្យប៉ូលិស ប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ និងចាប់ខ្លួនមនុស្សយ៉ាងហោច៣៦នាក់។
គួរជម្រាបថា ការបាញ់សម្លាប់បុរសស្បែក Rayshard Brooks ដោយប៉ូលិសអាមេរិក កើតមានឡើងចំពេលសហរដ្ឋអាមេរិកទំាងមូល កំពុងប្រឈមមុខនឹងបាតុកម្មតវ៉ា ប្រឆាំងការរើសអើងពូជសាសន៍ និងអំពើឃោរឃៅប្រព្រឹត្តដោយប៉ូលិស បន្ទាប់ពីបុរសស្បែកខ្មៅ George Floyd ដែលត្រូវបានប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ។ ការស្លាប់របស់ Brooks ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានភាពចលាចលជាថ្មី ក៏ដូចជាដុតបញ្ជេះកំហឹងក្រុមបាតុករ ដែលកំពុងនាំគ្នាធ្វើការតវ៉ារឹតតែខ្លាំងឡើង៕