(រ៉ាបាត)៖ ព្រះមហាក្សត្រម៉ារ៉ុកព្រះចៅ មហាម៉េដ ទី៦ បានទទួលការវះកាត់បេះដូង ប្រកបដោយជោគជ័យហើយ នៅក្នុងមន្ទីរពេទ្យនៃរាជធានីរ៉ាបាត របស់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
ព្រះចៅ មហាម៉េដ ទី៦ បានកើតមានព្រះរោគបេះដូងលោតមិនប្រក្រតី ឬសម្ពាធឈាមឡើងខ្ពស់ ដែលនាំឲ្យក្រុមគ្រូពេទ្យទូលថ្វាយសារណែនាំ ឲ្យទ្រង់ទទួលការព្យាបាលតាមរយៈការវះកាត់។ ការវះកាត់បានធ្វើឡើងជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានធ្វើឲ្យចង្វាក់បេះដូងព្រះអង្គដំណើរការជាធម្មតាវិញ ហើយសម្រាប់ការវះកាត់លើកទី ២ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីរបស់ម៉ារ៉ុកផ្ទាល់ ដោយទទួលបានជោគជ័យបន្ថែមទៀត។
គួរបញ្ជាក់ថា ព្រះចៅ មហាម៉េដ ទី៦ មានព្រះជន្មាយុ ៥៦ព្រះវស្សា បានឡើងគ្រងរាជ្យសម្បត្តិនៅប្រទេសម៉ារ៉ុក កាលពីខែកក្កដា ឆ្នាំ១៩៩៩ ក្រោយព្រះបិតារបស់ទ្រង់ គឺព្រះចៅ ហាស្សាន ទី២ បានសោយទិវង្គត។ ងាកទៅកាន់បញ្ហាជំងឺរាតត្បាតសកល COVID-19 ដែលកំពុងរាតត្បាតពិភពលោកវិញ ប្រទេសម៉ារ៉ុកមានករណីឆ្លងសរុប ៨,៧៩៣ករណី ក្នុងនោះស្លាប់ ២១២នាក់ និងជាសះស្បើយឡើងវិញ ៧,៧៦៥នាក់ នៅក្នុងចំណោមប្រជាជនសរុបជិត ៣៧លាននាក់៕