(អឺរ៉ុប)៖ ប្រមុខគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុបលោក ចូសេព បូរែល (Josep Borrell) បាននិយាយថា សហភាពអឺរ៉ុបនឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងចិននោះទេ ហើយលោកក៏បានទាត់ចោលផងដែរ នូវគំនិតប្រជែងនឹងទីក្រុងប៉េកាំងជាលក្ខណៈប្រព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) លោក Borrell បានគូសបញ្ជាក់ដូច្នេះថា «ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺជាចំណុចកណ្ដាលដ៏ប្រទាញប្រទុងនៃនយោបាយសកល សម្ពាធបង្ខំឱ្យយើងជ្រើសរើស ឈរនៅខាងភាគីណាមួយ រវាងមហាអំណាចទាំង ២ ក៏បានកើនឡើងផងដែរ... ប៉ុន្តែសហភាពអឺរ៉ុបនឹងមិនឈរនៅខាងភាគីណាមួយ នៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះឡើយ ដ្បិតយើងមានគោលនយោបាយផ្ទាល់ខ្លួនរបស់យើង នោះគឺផ្តោតសំខាន់លើពហុភាគីនិយម និងកិច្ចសហប្រតិបត្តិអន្តរជាតិ»។
គួរជម្រាបថា ការលើកឡើងរបស់លោក Josep Borrell ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងក្រុមរដ្ឋមន្ត្រីការបរទេស មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ត្រូវជួបប្រជុំតាមរយៈវីដេអូខុនហ្វេរិន ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក ប៉ុមប៉េអូ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឱកាសនេះ ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការកើនឡើងនៃឥទ្ធិពលរបស់ចិន៕