(វ៉ាស៊ីនតោន)៖ វិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម (SIPRI) បានឱ្យដឹងថា ទោះបីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ នៅទូទាំងពិភពលោកបានធ្លាក់ចុះក្នុងឆ្នាំ២០១៩ ក៏ពិតមែន ប៉ុន្តែការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់បណ្ដាប្រទេសអំណាច នៅតែជាការគំរាមកំហែងដ៏ធំដល់សន្តិភាព ពិភពលោកនៅពេលអនាគត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Military Times នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
គិតត្រឹមចុងឆ្នាំ២០១៩ ប្រទេសចំនួន ០៩ មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ១៣,៤០០គ្រាប់ បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមាន ១៣,៨៦៥គ្រាប់ និងឆ្នាំ២០១៧ មាន ១៤,៤៦៥គ្រាប់។ ការធ្លាក់ចុះចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនេះ គឺដោយសារតែមានសន្ធិសញ្ញានុយក្លេអ៊ែរ New START រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ New START នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែអ្នកជំនាញជាច្រើនមានការព្រួយបារម្ភថា អាមេរិក និងរុស្ស៊ីអាចនឹងមិនបន្ត សុពលភាពលើសន្ធិសញ្ញានេះឡើយ ខណៈមហាអំណាចទាំងពីរ កំពុងបង្កើនការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររៀងៗខ្លួន ជាពិសេសគឺមីស៊ីលលឿនជាងសំឡេងតែម្ដង។
គួរបញ្ជាក់ថា បើតាមវិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ៦,៧៣៥គ្រាប់ ក្នុងនោះ ១,៥៧០គ្រាប់ត្រូវបានដាក់ពង្រាយជាស្រេច ហើយសហរដ្ឋអាមេរិកមាន ៥,៨០០គ្រាប់ក្នុងនោះ ១,៧៥០គ្រាប់ត្រូវបានដាក់ពង្រាយ។ រុស្ស៊ី និងសហរដ្ឋអាមេរិកតំណាងឱ្យ ៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែរសរុបនៅទូទាំងពិភពលោក។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេស ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរក្រៅពីអាមេរិក និងរុស្ស៊ី៖
* ចក្រភពអង់គ្លេស មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ២៥០គ្រាប់ក្នុងនោះមាន ១២០គ្រាប់ត្រូវបានដាក់ពង្រាយ។
* ប្រទេសបារាំង មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ២៩០គ្រាប់ ក្នុងនោះមាន ២៨០គ្រាប់ត្រូវបានដាក់ពង្រាយ
* ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៣២០គ្រាប់
* ប្រទេសឥណ្ឌា មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ១៥០គ្រាប់
* ប្រទេសប៉ាគីស្ថាន មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ១៦០គ្រាប់
* ប្រទេសអ៉ីស្រាអែល មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៩០គ្រាប់
* កូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបពី ៣០-៤០គ្រាប់៕