(ហ្សាការតា)៖ យន្តហោះចម្បាំងឥណ្ឌូណេស៊ីមួយគ្រឿងប្រភេទ Hawk 209 បានធ្លាក់ទៅលើភូមិប្រជាជនមួយកន្លែងក្នុងខេត្តរីយ៉ាវ (Riau) ស្ថិតនៅលើកោះស៊ូម៉ាត្រា នៅក្នុងថ្ងៃចន្ទនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Jakarta Post នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យកងទ័ពអាកាសឥណ្ឌូណេស៊ីលោក ហ្វាចារ អេទ្រីយ៉ាន់តូ (Fajar Adriyanto) បានបញ្ជាក់ថា យន្តហោះចម្បាំងផលិតនៅចក្រភពអង់គ្លេសខាងលើនេះ ត្រូវបានដាក់លេខសម្គាល់ឲ្យថា TT-0209 បានហោះចេញពីទីក្រុង ផេកាន់បារុ (Pekanbaru) នៃខេត្ត Riau នៅព្រឹកថ្ងៃចន្ទនេះ ហើយក៏បានធ្លាក់នៅភូមិប្រជាជនមួយដែលមានឈ្មោះថា គូប៉ាង ចាយ៉ា (Kubang Jaya) ស្ថិតនៅចម្ងាយ ០៥គីឡូម៉ែត្រពីទីក្រុង Pekanbaru។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ពីឡុតជាកងទ័ពអាកាស ដែលបញ្ជាយន្តហោះចម្បាំងខាងលើនេះ បានចុចឆ័ត្រយោងលោតចេញទាន់ពេល និងមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ ដោយឡែកមូលហេតុនៃការធ្លាក់យន្តហោះប្រភេទ Hawk 209 នេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ Hawk 209 ជាយន្តហោះចម្បាំងផលិតនៅចក្រភពអង់គ្លេស ដែលក្នុងមួយគ្រឿងអាចមានតម្លៃ ជាង ២០លានដុល្លារសហរដ្ឋអាមេរិក៕