(កង់ប៉េរ៉ា)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អូស្រ្តាលីលោក Simon Birmingham បានទទួលស្គាល់ថា ព្រំដែនអន្តរជាតិរបស់ប្រទេសអូស្រ្តាលី ទំនងនឹងមិនអាចបើកឡើងវិញនៅក្នុងឆ្នាំ២០២០ នេះបានឡើយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
លោក Simon Birmingham បានថ្លែងប្រាប់ទស្សនាវដ្ដីហិរញ្ញវត្ថុអូស្ត្រាលី ឬហៅកាត់ថា AFR យ៉ាងដូច្នេះថា«វាគួរឲ្យសោកស្តាយណាស់ ដោយសារតែវិបត្តិជំងឺឆ្លងជាសកលនាពេលបច្ចុប្បន្ន ប្រទេសយើងទំនងនឹងពុំទាន់អនុញ្ញាតឲ្យវិស័យទេសចរណ៍អន្តរជាតិអាចដំណើរការ ឡើងវិញនៅក្នុងឆ្នាំនេះទេ»។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសូងទេសចរណ៍អូស្រ្តាលីរូបនេះ បានសង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹមថាយើងនឹងអាចរកឃើញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឬវិធីសាស្ត្រផ្សេងនាពេលឆាប់ៗនេះ ដែលអាចផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ន។ ប៉ុន្តែឥឡូវនេះភាពជោគជ័យឈានមុខគេ របស់អូស្រ្តាលីក្នុងការគ្រប់គ្រង COVID-19 តាមរយៈការរឹតត្បិតព្រំដែន ត្រូវបានគេគាំទ្រនិងកោតសរសើរយ៉ាងខ្លាំង។ ដូច្នេះខ្ញុំគិតថា វិធានការទាំងនេះ នឹងបន្តអនុវត្តិមួយរយៈពេលទៀត»។
គួរជម្រាបថា គិតត្រឹមថ្ងៃពុធនេះ អូស្ត្រាលីបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ៧,៣៧០ ករណី ដោយក្នុងនោះអ្នកជំងឺ ១០២ នាក់ស្លាប់បាត់បង់ជីវិត និង ៦,៨៥៩ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕