(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង បានប្រកាសនៅថ្ងៃពុធនេះថា កងទ័ពនឹងត្រូវបញ្ជូនទៅធ្វើការដាក់ពង្រាយឡើងវិញ នៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង នៅក្នុងពេញឆាប់ៗខាងមុខ។

 

២៖ អគ្គរដ្ឋអាជ្ញាអាមេរិកប្រចាំនៅរដ្ឋ អ៉ីលីណយស៍ (Illinois) លោក ក្វាម រ៉ាអ៊ូល (Kwame Raoul) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា លោកបានទទួលការធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយ។

 

៣៖ អាជ្ញាធរសុខាភិបាលក្រុងប៉េកាំងនៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ រដ្ឋធានីប៉េកាំងបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣១ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈជើងហោះហើរសរុប ១,២៥៥ជើង ត្រូវបានសម្រេចឲ្យផ្អាក នៅតាមព្រលានយន្តហោះក្នុងរដ្ឋធានីចិនមួយនេះ។

 

៤៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក គីម យុនជុល (Kim Yeon-chul) នៅថ្ងៃពុធនេះបានអះអាងថា លោកបានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ដើម្បីជាការទទួលខុសត្រូវ ចំពោះភាពបរាជ័យក្នុងការរក្សាស្ថេរភាព នៃទំនាក់ទំនងជាមួយកូរ៉េខាងជើង។

 

៥៖ ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ( Juan Orlando Hernandez) បានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋដោយផ្ទាល់ នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកកណ្តាល) ថា លោកបានឆ្លងជំងឺ COVID-19 ហើយ។

 

៦៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អូស្រ្តាលីលោក Simon Birmingham បានទទួលស្គាល់ថា ព្រំដែនអន្តរជាតិរបស់ប្រទេសអូស្រ្តាលី ទំនងនឹងមិនអាចបើកឡើងវិញនៅក្នុងឆ្នាំ២០២០ នេះបានឡើយ៕