(ប៉ារីស)៖ តុលាការមួយ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃពុធនេះ បានផ្តន្ទាទោសពូបង្កើតរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ដាក់ពន្ធនាគារ ៤ឆ្នាំ ពីបទលាងលុយកខ្វក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរបារាំង លោក Rifaat al-Assad ជាពូបង្កើតរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ត្រូវបានតុលាការផ្ដន្ទាទោស ក្រោយរកឃើញថាលោក មានជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងកឹបកេងមូលនិធិរដ្ឋស៊ីរី យកទៅទិញផ្ទះ និងការិយាល័យជាច្រើន មានតម្លៃ៩០លានអឺរ៉ូ ឬជិតស្មើ១០០លានដុល្លារ។ ប៉ុន្តែ លោក Rifaat មានអាយុ៨២ឆ្នាំ និងដែលធ្លាប់ជាអតីតអនុប្រធានាធិបតីស៊ីរី បានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយថាមេធាវីរបស់លោកនឹងប្ដឹង ឧទ្ធរណ៍។
គួរបញ្ជាក់ថា បើតាមសាលក្រមសម្រេចរបស់តុលាការទីក្រុងប៉ារីស ទ្រព្យសម្បត្តិរបស់លោក Rifaat al-Assad នៅទីក្រុងប៉ារីស និងទីក្រុងឡុងដ៏ ក៏នឹងត្រូវបាន រឹបអូសផងដែរ។ លោក Rifaat ដែលបានសម្រាកព្យាបាលជំងឺនៅក្នុងប្រទេសបារាំង តាំងពីខែធ្នូ ឆ្នាំ២០១៩ មិនបានបង្ហាញខ្លួនក្នុងសវនាការឡើយ ហើយទ្រព្យសម្បត្តិ នៅក្នុងទីក្រុង ឡុងដ៍ ត្រូវបានគេជឿជាក់ថាមានចំនួន ២៩លានអឺរ៉ូ៕