(រីយ៉ូ)៖ ប្រទេសប្រេស៊ីលបានជួបប្រទះអត្រាស្លាប់ដោយសារ COVID-19 ជាង១,០០០នាក់ក្នុងមួយថ្ងៃ អស់រយៈពេល០៣ថ្ងៃជាប់ៗគ្នាមកហើយ ដែលវាជាអត្រាស្លាប់គួរឲ្យព្រួយបារម្ភបំផុត នៅក្នុងប្រទេសដែលមានប្រជាជន ២១០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលប្រេស៊ីលបានរាយការណ៍ថា មនុស្សស្លាប់ចំនួន ១,២៣៨នាក់ និងអ្នកឆ្លង COVID-19 ថ្មីៗ ២២,៧៦៥នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងមុន ដែលធ្វើឲ្យអ្នកស្លាប់សរុបក្នុងប្រទេសអាមេរិកឡាទីនមួយនេះកើនដល់ ៤៧,៧៤៨នាក់ ក្នុងចំណោមករណីឆ្លងសរុប ៩៧៨,១៤២ករណី ជាមួយនឹងអត្រាមរណប្រមាណ ៤.៩ភាគរយ។
គួរបញ្ជាក់ថា រដ្ឋសៅប៉ូឡូនៅតែជាតំបន់ដែលមានការចម្លងខ្លាំងបំផុតនៅប្រេស៊ីល ជាមួយនិងករណីឆ្លង ១៩២,៦២៨ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៨៤៦នាក់ ហើយទីក្រុងរឺយ៉ូវិញគឺតាមពីក្រោយដោយមានករណីឆ្លង ៨៧,៣១៧ករណី ក្នុងនោះស្លាប់ ៨,៤១៤នាក់។ ប្រេស៊ីលបច្ចុប្បន្នឈរនៅលេខ ១ ប្រចាំតំបន់អាមេរិកឡាទីន និងលេខ ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត៕