(ប៉េកាំង)៖ ក្រោយបូកបន្ថែមចំនួនអ្នកឆ្លងប្រចាំថ្ងៃ ដ៏ច្រើនបំផុតមិនធ្លាប់មានគឺ ៥៤,៧៧១នាក់ថ្មីទៀតនោះ ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅប្រទេសប្រេស៊ីលបានកើនឡើងដល់ ១,០៣២,៩១៣ករណីហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។
ប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ មានករណីឆ្លងច្រើនជាងគេលំដាប់ទី ២ លើលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ១ សរុបចំនួនជាង ២.២លានករណី។ បន្ថែមពីនេះ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ប្រេស៊ីលក៏បានកត់ត្រាចំនួនអ្នកស្លាប់ ១,២០៦នាក់បន្ថែមទៀតដែរ នាំឲ្យចំនួនមនុស្សស្លាប់សរុប កើនឡើងរហូតដល់ ៤៨,៩៥៤នាក់។
គួរបញ្ជាក់ថា សន្ទុះនៃករណីឆ្លង និងស្លាប់ដោយសារតែ COVID-19 កើនឡើងយ៉ាងគំហុកបែបនេះ កើតមានឡើងបន្ទាប់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសដាក់តំបន់អាមេរិកឡាទីន ជាចំណុចផ្ទុះរាលដាលថ្មី នៃមេរោគកូរ៉ូណាដ៏កាចសាហាវ។ ប្រទេសដែលកំពុងរងគ្រោះខ្លាំងដោយសារ COVID-19 នៅអាមេរិកឡាទីនផងដែរនោះមានដូចជា ប៉េរូ (ឆ្លងជាង ២.៤សែននាក់ ក្នុងនោះស្លាប់ ៧,៦៦០នាក់) និងប្រទេសឈីលី (ឆ្លងជា ២.៣សែននាក់ ក្នុងនោះស្លាប់ ៤,០៩៣នាក់)៕