(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានច្រានចោលសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ដែលចង់បន្ថែមជើងហោះហើរប្រចាំសប្តាហ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា សម្រេចចិត្តនេះមិនមែនមានន័យថា អាមេរិកចង់បង្កើនភាពតានតឹងជុំវិញការរឹតត្បិតការធ្វើដំណើរ ដែលមានស្រាប់រវាងប្រទេសទាំងពីរនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងដឹកជញ្ជូនអាមេរិកបាននិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បី «រក្សាភាពស្មើភាពគ្នា» នៅក្នុងសេវាកម្មដឹកអ្នកដំណើររវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគឺមានឆន្ទៈជានិច្ច ក្នុងការពិនិត្យឡើងវិញនូវការសម្រេចចិត្តនេះ ប្រសិនបើអាជ្ញាធរអាកាសចរណ៍ចិន ព្រមកែតម្រូវគោលនយោបាយរបស់ខ្លួនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក។
ជាមួយគ្នានោះ ក្រសួងដឹកជញ្ជូនអាមេរិកបានសង្កត់ធ្ងន់ទៀតថា «ការសម្រេចចិត្តបែបនេះ គឺជាកិច្ចការផ្នែកនីតិវិធីសុទ្ធសាធ ដូច្នេះវាមិនគួរត្រូវបានចាត់ទុកថា ជាការបង្កើនភាពតានតឹងបន្ថែមរវាងប្រទេសទាំងពីរនោះទេ»។
គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក និងប្រទេសចិនបានប្រកាសថា ពួកគេបានអនុញ្ញាតឲ្យមានជើងហោះហើររវាងប្រទេសទាំងពីរចំនួន ៤លើកក្នុងមួយសប្តាហ៍។ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដូចជាក្រុមហ៊ុន Delta Air Line និង United Airlines បានព្យាយាមបើកដំណើរការ ជើងរហោះហើរដឹកអ្នកដំណើរជារៀងរាល់ថ្ងៃទៅកាន់ប្រទេសចិន នៅក្នុងខែមិថុនានេះតែម្តង ប៉ុន្តែផែនការរបស់ពួកគេនេះបានផ្លាស់ប្តូរវិញ ដោយសារតែគ្មានការយល់ព្រមពីរដ្ឋាភិបាល៕