(ទ្រីប៉ូលី)៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសលីប៊ី បានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន ១០នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីសរុបកើនដល់ ៥២០ករណី ខណៈជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយ នៅតែបន្តឥតឈប់ឈរ ទោះបីជាអង្គការសហប្រជាជាតិ (UN) បានអំពាវនាវជាច្រើនដង ឲ្យមានការផ្អាកសង្គ្រាមសិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងថ្ងៃសៅរ៍នេះ មជ្ឈមណ្ឌលបានទទួលយកសំណាកអ្នកសង្ស័យថា មានផ្ទុក COVID-19 ចំនួន ៨២៥នាក់ទៅធ្វើតេស្ត ក្នុងចំណោមនោះ ៨១០នាក់ចេញលទ្ធផលអវិជ្ជមាន និង ១០នាក់វិជ្ជមាន។ ស្របពេលដែលអ្នកជំងឺពីរអ្នកបន្ថែមបានជាសះស្បើយ មជ្ឈមណ្ឌលខាងលើបានបញ្ជាក់ថា អ្នកជាសះស្បើយសរុបកើនដល់ ៨៣នាក់ និងចំនួនអ្នកស្លាប់សរុបមាន ១០នាក់។
បើតាមក្រុមមន្ត្រីលីប៊ី ប្រទេសនេះបាននឹងកំពុងចាត់វិធានការមួយចំនួន ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 រួមមានការបិទសាលារៀន វិហារសាសនា ការហាមឃាត់មិនឲ្យមានការជួបជុំនៅទីសាធារណៈ បិទចក្រព្រំដែន និង ការរឹតត្បិតក្នុងការធ្វើដំណើរក្នុងប្រទេស។ ប្រទេសលីប៊ីបានរាយការណ៍ពីករណីឆ្លង COVID-19 ដំបូងបង្អស់នៅក្នុងខែមីនា និងករណីស្លាប់ដំបូងនៅក្នុងខែមេសា៕