(ញូដេលី)៖ នៅក្នុងរបាយការណ៍ថ្មីសម្រាប់ថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១៤,៥១៦នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 កន្លងមកនេះ។ ក្រៅពីករណីឆ្លង ឥណ្ឌាក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៣៧៥នាក់ទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើបូកបន្ថែមតួលេខថ្មីៗបន្ថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៩៥,០៤៨ករណី ក្នុងនោះស្លាប់សរុប ១២,៩៤៨នាក់ និងជាសះស្បើយឡើងវិញ ២១៣,៨៣១នាក់។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៦៨,២៦៩នាក់។
នារយៈពេលចុងក្រោយនេះ ឥណ្ឌាត្រូវបានគេចាត់ទុកថា កំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19។ បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រកាសនេះ វាបានធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង។ ចំណែកឯករណីស្លាប់វិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ នៅទូទាំងពិភពលោកនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត៕