(វ៉ាស៊ីនតោន)៖ ប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក ម៉ាហ្សល ប៊ីលលីងស្លៀ (Marshall Billingslea) នឹងធ្វើដំណើរទៅកាន់ប្រទេសអូទ្រីស នៅសប្ដាហ៍ក្រោយនេះ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាមួយ ជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ស្ដីពីអនាគតសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលនឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២១។ នេះបើតាមប្រភពពីក្រសួងការបរទេសអាមេរិក ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។
កិច្ចពិភាក្សាខាងលើនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ បន្ទាប់ពីលោក Billingslea កាលពីសប្ដាហ៍មុនបានអះអាងថា លោកបានឯកភាពគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) ពីពេលវេលា និងទីកន្លែងរៀបចំកិច្ចចរចា នៅក្នុងខែមិថុនានេះ។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិក ក៏បានបើកទ្វារចំហអញ្ជើញចិន ឱ្យចូលរួមក្នុងកិច្ចចរចានេះដែរ ដើម្បីស្វែងរកសន្ធិសញ្ញាគ្រប់គ្រងអាវុធត្រីថ្មីមួយ ជំនួសសន្ធិសញ្ញា New START។
ទោះជាយ៉ាងណា ទីក្រុងប៉េកាំងដែលត្រូវបានគេជឿជាក់ថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលជាង ៣០០គ្រាប់ បានទាត់ចោលសំណើរបស់សហរដ្ឋអាមេរិក ជាច្រើនលើកមកហើយ។ សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី មានគោលដៅដាក់កំហិតលើការដាក់ពង្រាយ អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ មិនឱ្យលើស ១,៥៥០គ្រាប់រៀងៗខ្លួនរវាងប្រទេសទាំង ២។ សន្ធិសញ្ញានេះ នឹងត្រូវអស់សុពលភាពនៅខែកុម្ភៈ ឆ្នាំ២០២១ ហើយទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី មិនបានបង្ហាញពីគោលជំហរជាក់លាក់ថា ត្រូវបន្តសុពលភាពទៀតដែរ ឬយ៉ាងណានោះឡើយ៕