(ញូវយ៉ក)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះបានព្រមានថា ស្ថានភាព COVID-19 នៅទ្វីបអាមេរិក នៅមិនទាន់ឈានដល់ចំណុចកំពូលនៅឡើយទេ ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងសកលលោក នឹងកើនលើស ១០លាននាក់ ក្នុងរយៈពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសន្និសីទសារព័ត៌មានពីចម្ងាយ ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ក្នុងខែដំបូងនៃការផ្ទុះឆ្លងរីករាល COVID-19 ពិភពលោកទាំងមូលបានរាយការណ៍ពីករណីឆ្លងតិចជាង ១០,០០០ករណីប៉ុណ្ណោះ។ ដោយឡែកនៅខែចុងមុននេះ មានករណីឆ្លងដល់ទៅជិត ០៤លានករណីត្រូវបានរាយការណ៍... យើងរំពឹងថា ករណីឆ្លងនៅទូទាំងពិភពលោកនឹងកើនដល់ ១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត»។
ដោយឡែកទាក់ទងនឹងស្ថានការណ៍ COVID-19 នៅទ្វីបអាមេរិកវិញ បណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកប្រតិបត្តិកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់ WHO បានព្រមានថា នៅមិនឈានដល់ចំនុចកំពូល នៃការឆ្លងរីករាលដាលនៅឡើយទេ ដ្បិតថាករណីឆ្លង និងស្លាប់នៅអាមេរិកនៅតែបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះនាយកប្រតិបត្តរូបនេះ ថែមទាំងបានលើកឡើងពីលទ្ធភាព នៃការចាំបាច់ត្រូវតែចាត់វិធានការបិទប្រទេសម្តងទៀតផងដែរ ក្នុងករណីដែលមិនមានការប្រុងប្រយ័ត្នខ្ពស់។
វេជ្ជបណ្ឌិត Ryan បានលើកឡើងយ៉ាងដូច្នេះថា «ជាអកុសល ការឆ្លងរីករាលដាល COVID-19 នៅតាមបណ្តាប្រទេសជាច្រើននៅទ្វីបអាមេរិក នៅមិនទាន់ឈានដល់ចំណុចកំពូលនៅឡើយទេ ខណៈពេលដែលករណីឆ្លង និងស្លាប់នឹងនៅតែបន្តកើតមានជាច្រើនករណីទៀត នាប៉ុន្មានសប្តាហ៍ខាងមុខ»។
គួរជម្រាបថា សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីលគឺជាប្រទេសឈរលំដាប់កំពូលតារាង នៃបណ្តាប្រទេសដែលមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងប្រមាណជាង ២.៤លាននាក់ ដោយក្នុងនោះស្លាប់ជាង ១២ម៉ឺននាក់។ ចំណែកឯប្រទេសប្រេស៊ីលវិញ មានករណីឆ្លងប្រមាណជាង ១.១លាននាក់ ដោយក្នុងនោះជាង ៥ម៉ឺននាក់បានស្លាប់។
គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ ចំនួនករណីឆ្លង COVID-19 នៅទូទាំងពិភពលោកមានសរុបជាង ៩.៥លាននាក់ ក្នុងនោះស្លាប់ជិត ១៥ម៉ឺននាក់ និងជាសះស្បើយវិញជាង ៥.១លាននាក់។ ប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេទាំង ១០ មានដូចជា អាមេរិក ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ ឈីលី អ៉ីតាលី និងអ៉ីរ៉ង់៕