(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានអនុម័តជាឯកឆ្ឆ័ន្ទលើសេចក្ដីព្រាងច្បាប់មួយ ដែលនឹងអនុញាតឱ្យមានការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីចិន ដែលមានពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញ ស្វ័យភាពរបស់ទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។
នៅពេលសេចក្ដីព្រាងច្បាប់នេះក្លាយជាច្បាប់ផ្លូវការ វានឹងបើកដៃឱ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងក្រុមមន្ត្រីចិន និងប៉ូលិសហុងកុង ដែលបំផ្លិចបំផ្លាញស្វ័យភាពរបស់ទីក្រុងហុងកុង រួមទាំងធនាគារទាំងឡាយណាដែលមានទំនាក់ទំនងជាមួយនឹងពួកគេ។ សេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័ត ខណៈចិនកំពុងត្រៀមដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដើម្បីទប់ស្កាត់បង្កចលាចល ភេរវកម្ម និងផ្ដាច់ទឹកដី។
ជុំវិញបញ្ហាខាងលើនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរិះគន់យ៉ាងខ្លាំង លើច្បាប់ថ្មីរបស់ចិនដោយចាត់ទុកថា វានឹងបំផ្លាញសេរីភាព និងលទ្ធិប្រជាធិបតេយ្យហុងកុង ហើយមិនតែប៉ុណ្ណោះរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏បានប្រកាសដែរថា ទីក្រុងហុងកុងលែងមានស្វ័យភាពទៀតហើយ។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ខាងលើ នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិក បោះឆ្នោតអនុម័តបន្ត។ ប៉ុន្តែទន្ទឹមគ្នាសេចក្ដីព្រាងច្បាប់នេះមានភាគរយខ្ពស់ដែលអាចនឹងត្រូវបានសភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សប្រជាធិបតេយ្យគាំទ្រ៕