(វ៉ាស៊ីនតោន)៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិកហៅកាត់ថា CDC បានអះអាងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក ប្រហែលជាច្រើនជាងចំនួនសព្វថ្ងៃនេះ រហូតដល់ទៅ ១០ដង ឬស្មើនឹង ២.៤លាននាក់ គុណនឹង ១០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

លោក រ៉ូប៊ឺត រ៉េដហ្វៀល (Robert Redfield) ប្រធានរបស់ CDC បានធ្វើការសន្និដ្ឋានដូចខាងលើនេះ ដោយយោងទៅលើការធ្វើតេស្តអង់ទីករ នៅក្នុងខ្លួនរបស់មនុស្ស ដែលត្រូវបានក្រុមជំនាញគណនាថា ប្រជាជនរស់នៅអាមេរិកយ៉ាងណាស់ក៏ ២៤លាននាក់ដែរ បានឆ្លងជំងឺ COVID-19 គិតត្រឹមពេលនេះ។ ការធ្វើតេស្តអង់ទីករ នៅក្នុងឈាម គឺត្រូវបានធ្វើឡើង ដើម្បីឲ្យក្រុមអ្នកជំនាញវេជ្ជសាស្ត្រអាចគណនាថា តើមនុស្សនៅក្នុងតំបន់ប៉ុន្មានភាគរយ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19 ហើយការធ្វើតេស្តដូចគ្នានេះ ត្រូវបានប្រព្រឹត្តរួចទៅហើយ នៅតាមបណ្តាប្រទេសអឺរ៉ុបមួយចំនួន។

លោក Robert Redfield បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏ប្រជាជនអាមេរិកពី ៥% ទៅ ៨% រួចទៅហើយបានឆ្លងវីរុសកូរ៉ូណា។ ប្រធាន CDC រូបនេះ បានថ្លែងយ៉ាងដូច្នេះទៀតថា «ការគណនាដ៏ប្រសើរបំផុតរបស់យើងនៅពេលនេះ គឺករណីឆ្លងពិតប្រាកដ COVID-19 អាចស្មើនឹង ១០ដង នៃករណីឆ្លងដែលត្រូវបានរកឃើញបច្ចុប្បន្ន»។ មជ្ឈមណ្ឌល CDC កំពុងតែបង្ហាញការសង្ស័យថា ប្រជាជនអាមេរិកជាច្រើននាក់ទៀត បានឆ្លងជំងឺ COVID-19 រួចទៅហើយ និងមិនទាន់ត្រូវបានពិនិត្យឃើញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកនៅតែបន្តឈរលេខ ១ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតលើលោក រហូតដល់ទៅជាង ២.៤លានករណី ក្នុងនោះស្លាប់ជាង ១២.៦ម៉ឺននាក់ និងជាសះស្បើយវិញជាង ១លាននាក់៕