(ហ្សេរុយសាឡឹម)៖ អង្គការសហប្រជាជាតិ, សហភាពអឺរ៉ុប និងសម្ព័ន្ធអារ៉ាប់ នៅក្នុងសប្ដាហ៍នេះ បានអំពាវនាវរួមគ្នាឱ្យអ៉ីស្រាអែលបោះបង់ចោលផែនការកាត់យកទឹកដី ប៉ាឡេស្ទីន ក្នុងតំបន់ West Bank មកបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន ដោយចាត់ទុកថាទង្វើបែបនេះនឹងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ហើយអាចនឹងបង្កទៅជា សង្រ្គាមសាសនានៅក្នុងតំបន់ ខណៈប្រទេសហ្ស៊កដានី និងក្រុមប្រដាប់អាវុធហាម៉ាស់ក្នុងតំបន់ហ្គាហ្សា ក៏បានព្រមានផងដែរពីលទ្ធភាពផ្ទុះសង្រ្គាម។
ការប្រកាសពីផែនការកាត់យកដីប៉ាឡេស្ទីន របស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក្រោមការគាំទ្រពីរដ្ឋាភិបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បាន និងកំពុងបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងថា សង្រ្គាមនៅក្នុងតំបន់អាចនឹងផ្ទុះឡើង។ ក៏ប៉ុន្តែ មុននឹងនិយាយដល់សង្រ្គាម គេគួរតែដឹងជាមុនសិន ថាតើលោក Netanyahu ពិតហ៊ានបន្តអនុវត្តផែនការនេះតាមការគ្រោងទុកដែរឬទេ? លោក Netanyahu បានប្រកាសយកថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ គឺជាកាលបរិច្ឆេទកាត់យក ទឹកដីប៉ាឡេស្ទីន ៣០ភាគរយ នៅក្នុងតំបន់ West Bank ជាដែនដីដ៏សំខាន់មួយដែលប៉ាឡេស្ទីន មានបំណងទុកប្រកាសបង្កើតរដ្ឋឯករាជ្យនៅពេលអនាគត។
* អ្វីទៅជាតំបន់ West Bank?
West Bank គឺដែនដីមួយយកឈ្មោះតាមច្រាំងខាងលិចនៃទន្លេ Jordan (west bank of the River Jordan) និងមានព្រំដែនជាប់អ៉ីសា្រអែល នៅភាគខាងជើង, ខាងលិច និងខាងត្បូង ហើយភាគខាងកើតនៃដែនដីមួយនេះជាប់ជាមួយប្រទេសហ្ស៊កដានី។ West Bank ត្រូវបានអ៉ីស្រាអែល ចូលកាន់កាប់ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៦៧មកម្លេះ ប៉ុន្តែ មកទល់បច្ចុប្បន្ន ដីមួយដុំនេះបានក្លាយជាដែនជម្លោះមិនទាន់ត្រូវបានដោះស្រាយរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ដែលសុទ្ធតែអះអាងថាជាម្ចាស់រៀងៗខ្លួន។
ប្រជាជនប៉ាឡេស្ទីន ចន្លោះពី២.១លាននាក់ ដល់៣លាននាក់ ត្រូវបានគេជឿជាក់ថាកំពុងរស់នៅលើតំបន់ West Bank នៅក្រោមការគ្រប់គ្រងដោយច្បាប់យោធាអ៉ីស្រាអែលមួយភាគធំ និងច្បាប់ប៉ាឡេស្ទីនមួយភាគតូច។ រដ្ឋាភិបាលអ៉ីស្រាអែល ក៏បានបញ្ជូនប្រជាជនរបស់ខ្លួន ៤៣០,០០០នាក់ ឱ្យទៅរស់នៅក្នុងតំបន់ West Bank រួចហើយដែរ និងមានគម្រោងបញ្ជូនប្រជាជនបន្ថែមទៀត នៅក្រោមផែនការកាត់យកដីតំបន់មួយនេះ។
* តើអ៉ីស្រាអែល នឹងអនុវត្តផែនការ តាមការគ្រោងទុកឬទេ?
ការប្រកាសកាត់យកដីប៉ាឡេស្ទីនបន្ថែម គឺជាពាក្យសន្យាមួយដែលលោក Netanyahu បានប្រកាសចំពោះមុខអ្នកគាំទ្រ កំឡុងយុទ្ធនាការឃោសនាបោះឆ្នោតសកល។ នៅក្រោមកិច្ចព្រមព្រៀងនៃរដ្ឋាភិបាលរួបរួមថ្មី នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ ថែមទាំងបានយកថ្ងៃទី០១ ខែកក្កដាខាងមុខនេះ គឺជាកាលបរិច្ឆេទកាត់យកទឹកដីប៉ាឡេស្ទីន ៣០ភាគរយនៅក្នុងតំបន់ West Bank ទៀតផង។ ប៉ុន្តែ មកទល់នឹងពេលនេះ លោក Netanyahu នៅតែមិនទាន់បញ្ជាក់ឱ្យច្បាស់ថាតើផែនការកាត់យកដីនេះ នឹងដំណើរការទៅយ៉ាងដូចម្ដេចនោះទេ។
លោក Anshel Pfeffer ជាអ្នកសរសេរជីវប្រវតិ្តក្រៅផ្លូវការម្នាក់របស់លោក Netanyahu ជឿជាក់ថាមេដឹកនាំអ៉ីស្រាអែលវ័យ៧០ឆ្នាំរូបនេះ នឹងមិនអនុវត្តផែនការ តាមការ គ្រោងទុកនោះទេ។ លោក Anshel បានគូសបញ្ជាក់ដូច្នេះថា៖ «រឿងបែបនេះនឹងមិនកើតឡើងឡើយ ព្រោះលោក Netanyahu មិនមានបំណងពិតប្រាកដដើម្បី កាត់យក ទឹកដីប៉ាឡេស្ទីនបន្ថែមនោះទេ ក្នុងពេលបច្ចុប្បន្ន...ដ្បិតការសន្យារបស់លោក គឺផ្ដោតសំខាន់ទៅលើការបោះឆ្នោតតែប៉ុណ្ណោះ ហើយឥលូវលោកមិនត្រូវការវាដើម្បី ជាប់ឆ្នោតជាថ្មីម្ដងទៀតឡើយ»។
តែទោះជាបែបនេះក្ដី ក្រុមអ្នកនយោបាយអភិរក្សនិយមអ៉ីស្រាអែល នៅតែយល់ថាអ៉ីស្រាអែល គួរតែកាត់យកទឹកដីប៉ាឡេស្ទីនឱ្យហើយ ទាន់លោក ដូណាល់ ត្រាំ នៅជា ប្រធានាធិបតីអាមេរិក ដែលមាននយោបាយគំាទ្រអ៉ីស្រាអែលពេញទំហឹង។ ជាឧទាហរណ៍ជាក់ស្ដែង នៅក្រោមរដ្ឋបាលដឹកនាំដោយលោក ត្រាំ សហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជាកម្មសិទ្ធិផ្ដាច់មុខរបស់អ៉ីស្រាអែល បើទោះជាអន្តរជាតិថ្កោលទោសក៏ដោយ។
* ចុះបើអ៉ីស្រាអែល កាត់យកដីប៉ាឡេស្ទីន នឹងមានអ្វីកើតឡើង?
ជាការពិតណាស់ នឹងមានរឿងអ្វីកើតឡើង គេមិនអាចដឹងឱ្យប្រាកដនោះទេ។ ប៉ុន្តែ ខណៈសហភាពអឺរ៉ុប ព្រមានពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីស្រាអែល ថ្នាក់ដឹកនាំ សម្ព័ន្ធអារ៉ាប់នៅក្នុងសប្ដាហ៍នេះបានព្រមានថា សង្រ្គាមសាសនានៅក្នុងតំបន់អាចនឹងផ្ទុះឡើង ហើយប្រទេសហ្ស៊កដានី និងក្រុមប្រដាប់អាវុធហាម៉ាស់ ក្នុងតំបន់ហ្គាហ្សា ក៏បានប្រកាសចាត់ទុកផងដែរថាការកាត់យកដីប៉ាឡេស្ទីន គឺជាទង្វើប្រកាសសង្រ្គាម។ រឿងផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល វាប្រហែលជានឹងមិនអាចនឹងកើតឡើងឡើយ។
ប៉ុន្តែ បើអ៉ីស្រាអែលអនុវត្តផែនការតាមការគ្រោងទុកមែន នោះអំពើហិង្សារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន នឹងផ្ទុះឡើងដោយជៀសមិនរួច ហើយជនរងគ្រោះពិតប្រាកដ នៅតែជាប្រជាជនប៉ាឡេស្ទីន។ ម្យ៉ាងវិញទៀត បើសិនជាអ៉ីស្រាអែល កាត់យកទឹកដីប៉ាឡេស្ទីន៣០ភាគរយ នៅក្នុងតំបន់ West Bank ពិតមែន នោះទាំងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ក៏នឹងប្រឈមមុខនឹងការខាតបង់ដែរ។ សម្រាប់ អ៉ីស្រាអែល វានឹងបង្កទៅជាវិបត្តិទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ ក៏ដូចជា បំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៉ីស្រាអែល ដែលកំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយបណ្ដាប្រទេសអារ៉ាប់ ដើម្បីប្រឆាំងអ៉ីរ៉ង់ និងក្រុមហេសប៊ូលឡា។ និយាយឱ្យចំ អ៉ីរ៉ង់ និងក្រុមហេសប៊ូលឡា រង់ចាំតែឱកាសនេះមកដល់តែប៉ុណ្ណោះ ដើម្បីសាបព្រោះគំនិតស្អប់ខ្ពើមប្រឆាំងអ៉ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់ មជ្ឈិមបូព៌ាទាំងមូល។
ចំណែកឯ សហរដ្ឋអាមេរិកវិញ អាចនឹងមានរូបភាពកាន់តែអាក្រក់ នៅលើឆាកអន្តរជាតិ ដ្បិតការគាំទ្រអ៉ីស្រាអែល ច្បាមយកដីប៉ាឡេស្ទីន ត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកថាជាទង្វើខុសច្បាប់ ហើយវាក៏នឹងបង្កើតជាសំណួរផងថាតើហេតុអ្វីជាអាមេរិក ចាត់ទុកការច្បាមយកតំបន់គ្រីមៀរបស់អ៊ុយក្រែន ពីសំណាក់រុស្ស៊ី កាលពីឆ្នាំ ២០១៤ គឺជាទង្វើខុសច្បាប់អន្តរជាតិ តែបែរជាគាំទ្រអ៉ីស្រាអែលយកដីប៉ាឡេស្ទីនទៅវិញ?
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក្នុងសប្ដាហ៍នេះ បាននិយាយថា អ៉ីស្រាអែលបានទទួលភ្លើងបៃតងពីសហរដ្ឋអាមេរិក ដើម្បីកាត់យកដី ប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank ហើយក្រុមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ក៏បានជំរុញឱ្យលោក ដូណាល់ ត្រាំ ឈរនៅពីក្រោយអ៉ីស្រាអែលផងដែរ ស្របពេលក្រុមអ្នកប្រជាធិបតេយ្យបានផ្ញើលិខិតមួយច្បាប់ឱ្យលោក Netanyahu ដោយព្រមានប្រឆាំងនឹងការធ្វើសកម្មភាពដែលមានចរិតឯកតោភាគី៕
ប្រភព៖ CNN និង The Guardian (ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០)