(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងថា ផែនការកាត់បន្ថយចំនួនកងទ័ពអាមេរិកដែលឈរជើងនៅប្រទេសអាល្លឺម៉ង់ គឺមានគោលបំណងជាចម្បងក្នុងការដោះស្រាយបញ្ហាគំរាមកំហែងរបស់ចិន មកលើប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ីខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈកិច្ចប្រជុំពីចម្ងាយ ក្នុងវេទិកាព្រុចស៊ែលនៃមូលនិធី ជើមែន ម៉ាសល (German Marshall) លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងថា ការគំរាមកំហែងរបស់ចិនមកលើប្រទេសឥណ្ឌា និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ព្រមទាំងបញ្ហាប្រឈមនៅក្នុងសមុទ្រចិនខាងត្បូង នឹងកំណត់ការបែងចែកធនធានការពាររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញពីប្រទេសអាល្លឺម៉ង់។
រដ្ឋមន្ត្រីការបរទេសរូបនេះបានសង្កត់ធ្ងន់ទៀតថា «ការសម្រេចចិត្តកាត់បន្ថយចំនួនកងទ័ពនៅលើទឹកដីអឺរ៉ុប គឺជាផ្នែកមួយនៃការពិនិត្យឡើងវិ នូវជំហរយុទ្ធសាស្ត្រហួសសម័យកាលរបស់យោធាអាមេរិក។ សកម្មភាពវាទីនិយមរបស់ចិន គឺជាបញ្ហាប្រឈមមុខដ៏ធំបំផុតរបស់ពិភពលោកបច្ចុប្បន្ន ដូច្នេះសហរដ្ឋអាមេរិកចង់ធានាថា ធនធានការពាររបស់ខ្លួនគឺត្រូវបានដាក់ឲ្យចំកន្លែងរបស់វា»។
គួរជម្រាបថា កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងដកកងទ័ពប្រមាណ ១ម៉ឺននាក់ចេញពីប្រទេសអាល្លឺម៉ង់ ក្រោយពីសហភាពអឺរ៉ុបបានបរាជ័យ ក្នុងការឈានទៅការសម្រេចការបង់វិភាគទានចំនួន ២%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សមាជិកនិមួយៗទៅឲ្យអង្គការណាតូ (NATO) តាមការស្នើសុំរបស់ភាគីសហរដ្ឋអាមេរិក៕