(ហ្សាការតា-ម៉ានីល)៖ ស្ថានភាពជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសសិង្ហបុរី បានធូរស្រាលមកវិញហើយ នៅឡើយតែឥណ្ឌូណេស៊ី និងហ្វីលីពីនប៉ុណ្ណោះ ដែលកំពុងបន្តវិវឌ្ឍកាន់តែធ្ងន់ធ្ងរ ដោយសារតែការរកឃើញអ្នកឆ្លងជំងឺនេះ លើស ១,០០០នាក់ក្នុងមួយថ្ងៃដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ COVID-19 ប្រចាំថ្ងៃសុក្រនេះ ឥណ្ឌូណេស៊ីបានកត់ត្រាអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ១,២៤០នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៥១,៤២៧ករណី។ បន្ថែមពីនេះ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺបាត់បង់ជីវិត ៦៣នាក់ទៀតត្រូវបានរាប់បញ្ចូល នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២,៦៨៣នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយពី COVID-19 នៅឥណ្ឌូណេស៊ីបានកើនឡើងដល់ ២១,៣៣៣នាក់។
ងាកមកកាន់ប្រទេសហ្វីលីពីនវិញ នៅក្នុងរបាយការណ៍ COVID-19 ប្រចាំថ្ងៃសុក្រនេះ ខ្លួនបានកត់ត្រាចំនួនអ្នកឆ្លងថ្មីៗរហូតដល់ ១,០០៦នាក់ នាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ៣៤,០៧៣ករណី។ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺបាត់បង់ជីវិត ២៧៤នាក់ទៀតត្រូវបានរាប់បញ្ចូល នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,២២៤នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយពី COVID-19 នៅហ្វីលីពីនបានកើនឡើងដល់ ៩,១៨២នាក់។
គួរបញ្ជាក់ថា បើពិនិត្យមើលទៅលើស្ថានភាព COVID-19 នៅតាមបណ្តាប្រទេសអាស៊ាន ៥ ក្នុងចំណោម ១០ ដែលមានករណីឆ្លងជំងឺនេះ ដល់រាប់ពាន់រាប់ម៉ឺនករណីនោះ ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន គឺកំពុងតែមានសន្ទុះកើនឡើងនៃអ្នកឆ្លង និងស្លាប់មិនទាន់ធូរស្រាលនោះទេ ខណៈប្រទេសសិង្ហបុរីដែលធ្លាប់ស្ថិតនៅលំដាប់កំពូល បានធូរស្រាលមកវិញបន្តិចហើយ។ ដោយឡែកប្រទេសម៉ាឡេស៊ី និងថៃក៏មានស្ថានភាពធូរស្រាលផងដែរ៕