(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកអាមេរិក បានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាល ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្នើទៅកាន់តុលាការកំពូលអាមេរិកថា ច្បាប់ធានារ៉ាប់រងសុខភាព Affordable Care Act ដែលបន្សល់ ទុកពីជំនាន់អតីតប្រធានាធិបតីលោក បារ៉ាក់ អូប៉ាមា គួរត្រូវលុបចោលសុពលភាពទាំងស្រុង។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងយុត្តិធម៌អាមេរិក គឺជាអ្នកដែលបានផ្ញើលិខិតពាក់ព័ន្ធសំណើខាងលើ ទៅកាន់តុលាការកំពូលអាមេរិក។ ជុំវិញរឿងនេះ ប្រធាន សភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បាននិយាយថា ការខិតខំប្រឹងប្រែងរបស់លោក ត្រាំ និងគណបក្សសាធារណរដ្ឋ ដើម្បីលុបចោលការការពារ ក៏ដូជជាអត្ថប្រយោជន៍ដ៏សំខាន់នៃច្បាប់ Affordable Care Ac ឬហៅថា ObamaCare នៅកណ្តាលវិបត្តិជំងឺ COVID-19 បែបនេះ គឺជាទង្វើដ៏សាហាវឃោរឃៅហួសថ្លែង។
គួរបញ្ជាក់ថា អ្វីដែលគួរឲ្យកត់សម្គាល់ គឺសំណើពីរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឆាំងនឹងច្បាប់ ObamaCare របស់លោក អូបាម៉ា គឺត្រូវ បានធ្វើឡើង តែប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ដែលលោក ត្រាំ និងត្រូវប្រកួតប្រជែង ជាមួយលោក ចូ បៃដិន ដែលជាអតីតអនុប្រធានាធិបតីអាមេរិក នៃរដ្ឋបាលលោក អូបាម៉ា។
បើតាមសារព័ត៌មានអាមេរិក The Hill ការបំផ្លាញកម្មវិធី ObamaCare នឹងធ្វើឲ្យប្រជាជនអាមេរិកប្រហែល២០លាននាក់ បាត់បង់ការធានា រ៉ាប់រងសុខភាព ហើយហានិភ័យក៏កាន់តែខ្ពស់ថែមទៀត ដោយសារតែឥទ្ធិពឡនៃវិបត្តិជំងឺ COVID-19 នាពេលបច្ចុប្បន្ន៕