(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋផ្លូវរីដានៃសហរដ្ឋអាមេរិក លោក រ៉ូន ដេសាន់ទីស (Ron DeSantis) បានចេញបញ្ជាឲ្យបិទបារទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ COVID-19 ក្រោយរដ្ឋភាគអាគ្នេយ៍មួយនេះទើបបំបែកកំណត់ត្រាថ្មីដោយមានអ្នកឆ្លងច្រើនបំផុតក្នុងពេលតែមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។
អំឡុងការផ្ទុះជំងឺឆ្លង COVID-19 រលកទី ១ រដ្ឋផ្លូរីដាធ្លាប់ជួបប្រទះចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតតែ ៥,៥១១នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ថ្ងៃសុក្រសប្តាហ៍នេះ អ្នកឆ្លងរហូតដល់ទៅ ៨,៩៨២នាក់ត្រូវបានប្រកាស។ អាជ្ញាធរផ្លូរីដាបានឲ្យដឹងទៀតថា អត្រាឆ្លង COVID-19 ក្នុងរដ្ឋនេះបានកើនឡើងរហូតដល់ ១៣.៥%។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង ណាផលស៍ (Naples) អភិបាលរដ្ឋផ្លូរីដា លោក DeSantis បានគូសបញ្ជាក់ថា ការសម្រេចចិត្តបិទបារទាំងអស់ កើតឡើងក្រោយពីលោកបានមើលឃើញប្រជាជនជាច្រើន មិនគោរពចំពោះគោលការណ៍រក្សាសុវត្ថិភាព ដែលអាជ្ញាធររដ្ឋនេះបានដាក់ចេញដើម្បីឲ្យពួកគេអនុវត្តន៍អំឡុងការបើកទ្វាររដ្ឋឡើងវិញ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋផ្លូរីដាមានករណីឆ្លង COVID-19 សរុបជិត ១២៣,០០០ករណី ក្នុងនោះស្លាប់ជាង ៣២,០០០នាក់។ កាលពីថ្ងៃម្សិលមិញនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC បានប្រកាសថា អ្នកឆ្លងជំងឺសរុបនៅទូទាំងសហរដ្ឋអាមេរិក អាចមានរហូតដល់ទៅជាង ២៤លាននាក់ឯណោះដែលលើសចំនួនបច្ចុប្បន្ននេះ ១០ដងឯណោះ៕