(វ៉ាស៊ីនតោន)៖ យន្តហោះត្រកូលប៊ូអ៊ីង 737 MAX ដែលត្រូវបានបញ្ឈរជើងជិតមួយឆ្នាំ ក្រោយពីការកើតមានសោកនាដកម្ម ធ្លាក់យន្តហោះចំនួនពីរលើក និងបានសម្លាប់មនុស្សចំនួន ៣៤៦នាក់នោះ អាចនឹងធ្វើប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញ នាពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។
ក្រោយពីកើតមានសោកនាដកម្មធ្លាក់យន្តហោះផ្ទួនៗគ្នា អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិកហៅកាត់ថា FAA បានប្រកាសថា ខ្លួននឹងមិនផ្ដល់ការអនុញ្ញាតឲ្យយន្ដហោះ Boeing 737 Max ត្រឡប់ទៅដំណើរការដឹកអ្នកដំណើរជាធម្មតាឡើយ រហូតទាល់តែយន្ដហោះនេះត្រូវបានក្រុមជំនាញបញ្ជាក់ថា មានសុវត្ថិភាពទាំងស្រុងសិន។
ទោះជាយ៉ាងណា នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រភពព័ត៌មានច្បាស់ការមួយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហើបឲ្យដឹងថា អាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក នឹងសម្រេចចិត្តលើការចេញលិខិតបញ្ជាក់ពីសុវត្ថិភាព និងបញ្ហារបស់យន្តហោះប្រភេទនេះ នៅចុងសប្តាហ៍នេះ។ ដូច្នេះមានន័យថា យន្តហោះប្រភេទប៊ូអ៊ីង 737 MAX អាចនឹងប្រតិបត្តិការដឹកអ្នកដំណើរឡើងវិញ នាដើមសប្តាហ៍ក្រោយនេះតែម្តង ប្រសិនបើគ្មានបញ្ហាចោទ។
គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៨ យន្ដហោះ 737 Max ផលិតដោយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing បានធ្លាក់ចូលសមុទ្រប្រទេសឥណ្ឌូណេស៊ី ហើយនៅខែមីនា ឆ្នាំ២០១៩ យន្ដហោះប្រភេទនេះបានធ្លាក់ជាថ្មី នៅឯប្រទេសអេត្យូពី។ សោកនាដកម្មធ្លាក់យន្ដហោះទាំងពីរលើកនេះ បានផ្ដាច់ជីវិតមនុស្សសរុប ៣៤៦នាក់ រីឯ Boeing 737 Max ត្រូវបានបញ្ឈរជើងនៅទូទាំងពិភពលោក មកទល់នឹងសព្វថ្ងៃ បន្ទាប់ពីគេរកឃើញថា យន្ដហោះលក់ដាច់ជាងគេក្នុងប្រវត្តិសាស្ត្រ Boeing មួយនេះ មានបញ្ហាលើប្រព័ន្ធគ្រប់គ្រងការហោះហើរស្វ័យប្រវត្តិ ឬហៅកាត់ថា MCAS (Maneuvering Characteristics Augmentation System) ដែលជាមូលហេតុបង្កឱ្យមានសោកនាដកម្ម ដ៏សោកសៅផ្ទួនៗខាងលើនេះ៕