(អាមេរិក)៖ ក្រុមតារាវិទូអាមេរិកដែលប្រើប្រាស់ទិន្នន័យពីតេឡេស្កូបអុកទិក និងតេឡេស្កូបមានសមត្ថភាពចាប់យករលកទំនាញពីទីអវកាសមានឈ្មោះថា Ligo នៅប្រទេសអ៉ីតាលីបានឲ្យដឹងថា ពួកគេទំនងជាបានប្រទះឃើញ ការរួមបញ្ចូលគ្នានៃប្រហោងខ្មៅពីរ កាលពីមួយឆ្នាំមុន ដែលព្រឹត្តិការណ៍នោះបង្កឲ្យមានពន្លឺជះចេញ ក្នុងកម្រិតភ្លឺជាងព្រះអាទិត្យដល់ទៅទ្រីលានដង (ពាន់ពាន់លានដង) ឯណោះ។ ពន្លឺជះចេញយ៉ាងសាហាវនោះ គឺត្រូវបានក្រុមតារាវិទូសន្មត់ថា មានប្រភពមកពីប្រហោងខ្មៅពីរមិនស្គាល់ អត្តសញ្ញាណ ចម្ងាយ និងប្រភពច្បាស់លាស់ ដែលបានរួមបញ្ចូលគ្នា។ នេះបើតាមការដកស្រងពី The Guardian នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។
ពន្លឺដែលជះចេញខ្លាំងបែបនេះ ក៏ត្រូវបានក្រុមតារាវិទូគណនាផងដែរថា អាចបង្កើតឡើងនៅពេលប្រហោងខ្មៅធំពីររួមចូលគ្នា ហើយនៅពេលនោះបណ្តុំរង្វង់ធូលី និងឧស្ម័នដ៏ក្តៅគគុកបានទង្គិចគ្នាយ៉ាងកម្រោលបំផុត បង្កទៅជាពន្លឺភ្លឺចិញ្ចាចគ្មានគូប្រៀប នៅក្នុងទីអវកាសដែលឥតព្រំដែន ហើយវាប្រាកដណាស់ថា តេឡេស្កូបលើផែនដីមានលទ្ធភាពដឹងអំពីបាតុភូតដ៏មហាអស្ចារ្យនោះបាន។
សាស្ត្រាចារ្យ Matthew Graham អ្នកស្រាវជ្រាវផ្នែកតារាសាស្ត្រនៃវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រហោងខ្មៅដ៏ធំមហិមាមួយនេះ បានកើតចេញពីការបុកបញ្ចូលគ្នាកាលពីប៉ុន្មានឆ្នាំមុន មុនពេលមានការបញ្ចេញនូវពន្លឺភ្លើងយ៉ាងខ្លាំង។ ដូច្នេះយើងសន្មត់ថា វាជាការរួមបញ្ចូលគ្នានៃប្រហោងខ្មៅ»។ បន្ថែមពីនេះ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យទីក្រុងញូយ៉កលោកស្រី Saavik Ford ក៏បានបង្ហាញទស្សនដូចគ្នានេះដែរ និងថែមទាំងបញ្ជាក់យ៉ាងខ្លីថា «ពួកយើងច្បាស់ ៩៩.៩%។ មន្ទិលសង្ស័យ គឺស្ទើរតែគ្មានទៀតឡើយ»។
គួរបញ្ជាក់ថា ទោះបីជាការសិក្សាខាងលើនេះ ហាក់ដូចជាច្បាស់លាស់ទៅហើយក្តី ប៉ុន្តែគ្រប់គ្នានៅតែត្រូវការឯកភាពគ្នាជារួម។ ដូច្នេះការអង្កេតរកប្រហោងខ្មៅទើបរួមបញ្ចូលគ្នា ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា J1249+3449 ជាមួយនឹងមុខកាត់ជិត ១ពាន់លានគីឡូម៉ែត្រខាងលើនេះ នៅតែបន្តទៅមុខទៀត។ ប្រហោងខ្មៅទាំងពីរមុនរួមបញ្ចូលគ្នា គឺមួយៗមានម៉ាស់ស្មើនឹងព្រះអាទិត្យយើងគុណនឹង ១៥០លានដង។ នៅពេលពួកវារួមបញ្ចូលគ្នា ដោយការបុកបញ្ច្រាស់ទិស វាមិនខុសអ្វីពីរុញច្រានឲ្យធូលី និងឧស្ម័ននៅជុំវិញខ្លួនពួកវាប៉ះទង្គិចគ្នា និងឆេះកញ្ជ្រោលខ្លាំងឡើង នាំឲ្យទីអវកាសជុំវិញវាទទួលរងឥទ្ធិពលនោះឡើយ៕