(បរទេស)៖ លោក អេឡុន ម៉ាសក៍ (Elon Musk) ទើបតែបានបង្ហាញព័ត៌មានថ្មីៗថែមទៀត ទាក់ទងទៅនឹងនាវាអវកាស Starship ដែលក្រុមហ៊ុន SpaceX កំពុងអភិវឌ្ឍឡើង ដើម្បីដឹកមនុស្សលោកយើង ទៅកាន់ព្រះច័ន្ទព្រមទាំងភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Independent នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។
លោក Elon Musk ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ SpaceX កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហោះរូបភាពមួយបង្ហាញពីធុងធំៗចំនួនពីរ ដែលត្រូវបានរចនាឡើងសម្រាប់ស្តុកឥន្ធនៈរបស់នាវាអវកាស Starship។ លោក Musk ក៏បានបញ្ជាក់ដែរថា ការអាប់ដេតព័ត៌មានអំពីដំណើរការអភិវឌ្ឍនៃនាវាអវកាសនេះ អាចនឹងត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ។ កន្លងទៅក្នុងខែមិថុនានេះ លោក Musk បានឲ្យដឹងថា ការអភិវឌ្ឍនាវាអវកាស Starship គឺជាអាទិភាពចម្បងបំផុតសម្រាប់ SpaceX។
គួរជម្រាបថា គំរូសាកល្បងនៃនាវាអវកាស Starship ត្រូវបានបង្ហាញជាសាធារណៈ កាលពីឆ្នាំ២០១៩ ហើយបានឆ្លងកាត់ការកែសម្រួលប៉ុន្មានលើក ស្របពេលដែលវាត្រូវគេធ្វើតេស្តជាបន្តបន្ទាប់។ បើតាម SpaceX នៅពេលអភិវឌ្ឍសម្រេចជាស្ថាពរ Starship អាចដឹកជញ្ជូនមនុស្ស បានរហូតដល់ ១០០នាក់ ក្នុងការធ្វើដំណើរនៅទីអវកាស។ យ៉ាងណាក្តី SpaceX នៅមិនទាន់មានកាលបរិច្ឆេទផ្លូវការ នៃការចេញបេសកកម្ម លើកដំបូងរបស់វានៅឡើយទេ៕