(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ (CDC) របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ បានផ្តល់ការប៉ាន់ស្មានថា សហរដ្ឋអាមេរិក ប្រហែលអាចមានអ្នកឆ្លង COVID-19 ច្រើនជាង២០លាននាក់ គឺលើសតួលេខផ្លូវការដល់ទៅ១០ដងឯណោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០។
លោក Robert Redfield នាយកទីភ្នាក់ងារ CDC អាមេរិក បាននិយាយដូច្នេះថា «ការប៉ាន់ស្មានប្រសើរបំផុតរបស់យើងនាពេលបច្ចុប្បន្ន គឺថា រាល់មួយករណីដែលត្រូវបានរាយការណ៍ តាមពិតមានដល់ទៅ១០ករណីឯណោះ»។ ប្រការនេះមានន័យថា ករណីឆ្លងពិតប្រាកដ គឺទំនងជាច្រើនជាង២០លាននាក់ ខណៈគិតត្រឹមពេលនេះ តួលេខករណីឆ្លងផ្លូវការនៅសហរដ្ឋអាមេរិក គឺជាង២.៥លាននាក់។
គួរជម្រាបថា មូលហេតុដែលធ្វើឲ្យ CDC អាមេរិក ប៉ាន់ស្មានឃើញករណីច្រើនសម្បើមបែបនេះ ដោយសម្អាងថា ការធ្វើតេស្ត COVID-19 នៅក្នុងសហរដ្ឋអាមេរិក គឺត្រូវបានរឹតត្បិតសម្រាប់តែបុគ្គល ដែលមានរោគសញ្ញាសង្ស័យប៉ុណ្ណោះ។ យោងតាមទិន្នន័យពីវែបសាយ Worldometers អាមេរិកបានធ្វើតេស្តរក COVID-19 លើមនុស្សជាង៣១លាននាក់ ខណៈប្រទេសនេះមានប្រជាជនសរុប៣៣០លាន នាក់៕