(អូតាវ៉ា)៖ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសកាណាដា បានអះអាងថា ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺមានភាពល្អប្រសើរជាងនៅសហរដ្ឋអាមេរិកឆ្ងាយណាស់ បើទោះបីជាក្តីបារម្ភជុំវិញការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវអាជីវកម្មនានានៅតែបន្តមានក៏ដោយ។ ប៉ុន្តែប្រជាជនកាណាដាភាគច្រើន បានប្រកាន់ភ្ជាប់នូវវិធានការរក្សាគម្លាតសុវត្ថិភាព និងការពាក់ម៉ាសជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី ថេរ៉េសា ថេម (Theresa Tam) ប្រធានផ្នែកសុខភាពសាធារណៈនៃប្រទេសកាណាដាបានថ្លែងឲ្យដឹង នៅក្នុងសន្និសីទខ្លីមួយយ៉ាងដូច្នេះថា «នៅពេលដែលការរីករាលដាលថមថយ អត្រានៃអ្នកស្លាប់ក៏បានធ្លាក់ចុះជាលំដាប់ ចំពោះមនុស្សគ្រប់វ័យ។ ដូច្នេះមានន័យថា រោគរាតត្បាតមួយនេះគឺស្ថិតក្រោមការគ្រប់គ្រងហើយ»។
រហូតមកទល់ពេលនេះ កាណាដាបានកត់ត្រាចំនួនអ្នកឆ្លងសរុបក្រោម ១០៤,០០០ករណី ក្នុងនោះស្លាប់ជាង ៨,៥០០នាក់។ ចំណែកឯនៅសហរដ្ឋអាមេរិកវិញ ករណីឆ្លងបានកើនលើស ២.៦លានអ្នកហើយ បន្ទាប់ពីបានបូកបញ្ចូលករណីឆ្លងថ្មីៗចំនួន ៤១,០៧៥ករណីបន្ថែមទៀតនៅថ្ងៃនេះ ខណៈករណីស្លាប់វិញមានចំនួនសរុបច្រើនជាង ១២៨,០០០នាក់។
គួរជម្រាបថា ព្រំដែនរវាងប្រទេសទាំងពីរ ដែលបានបិទតាំងពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ គ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ។ ប៉ុន្តែនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានបង្ហើបប្រាប់ថា គម្រោងនេះអាចនឹងត្រូវប្រែប្រួលវិញ ប្រសិនបើស្ថានការណ៍ COVID-19 នៅមិនទាន់ស្គាល់ភាពធូរស្បើយទេនោះ។ នាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលយើងបានឃើញនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតជាការសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចរបស់យើងកំពុងតែបើកដំណើរការឡើងវិញក៏ដោយ ក៏យើងត្រូវប្រាកដថា យើងកំពុងបន្តការប្រុងប្រយ័ត្នរៀងៗខ្លួន និងជាសមូហភាព»៕