(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកសភាអាមេរិកទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានទាមទារចម្លើយជាបន្ទាន់ពីរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន រាយការណ៍ជាថ្មីថាសេតវិមាន រួមទាំងលោក ត្រាំផ្ទាល់ សុទ្ធតែបានដឹង និងទទួលបានព័ត៌មានដែលគេចោទ ថារុស្ស៊ីបានផ្ដល់ប្រាក់រង្វាន់ឱ្យក្រុមសកម្មប្រយុទ្ធតាលីបង់ ជាថ្នូរនឹងការសម្លាប់កងទ័ពអាមេរិក និងកងទ័ពអង្គការ NATO នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រុស្ស៊ី និងក្រុមសកម្មប្រយុទ្ធតាលីបង់ បានទាត់ចោលសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយចាត់ទុកថាវាគឺជារឿងមិនពិត និងកុហុកបោកប្រាស។ ចំណែកឯ លោក ដូណាល់ ត្រាំ វិញ អះអាងថាលោកមិនបានដឹង ឬទទួលព័ត៌មានពីរឿងលុយរង្វាន់ នោះទេ។ ប៉ុន្តែ ការលើកឡើងរបស់លោកនៅលើ Twitter និងការបញ្ជាក់របស់សេតវិមាន កំពុងបង្កឱ្យមានការសង្ស័យ។
*លុយរង្វាន់
សារព័ត៌មាន New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីស៊ើបការណ៍សំងាត់អាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមសកម្មយុទ្ធតាលីបង់ ដែលយោធាអាមេរិកចាប់បាន និងត្រូវបានសួរចម្លើយ បាននិយាយថារុស្ស៊ីបានសន្យាផ្ដល់លុយរង្វាន់ជាថ្នូរនឹងការសម្លាប់កងទ័ពអាមេរិក និងកងទ័ពអង្គការ NATO កាលពីឆ្នាំ២០១៩ កន្លងទៅ។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន AP កងកម្លាំងកម្មង់ដូរពិសេសអាមេរិក SEAL បានវាយឆ្មក់ លើជម្រកមួយរបស់ក្រុមតាលីបង់ ដោយរកឃើញលុយ ៥០០,០០០ដុល្លារ កាលពីដើមឆ្នាំ២០២០។
កាលពីឆ្នាំ២០១៨ នាយឧត្ដមសេនីយ៍ លោក John Nicholson ជាអតីតមេបញ្ជាការកងទ័ពអាមេរិក និងកងកម្លាំងចម្រុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់ សារព័ត៌មាន BBC ថារុស្ស៊ីបានគាំទ្រ និងផ្គត់ផ្គង់អាវុធដល់ក្រុមសកម្មប្រយុទ្ធតាលីបង់។ តែរុស្ស៊ី និងតាលីបង់នៅពេលនោះក៏បានបដិសេធផងដែរ។ មកទល់នឹង ពេលនេះ មិនទាន់មានការបញ្ជាក់ថាតើកងទ័ពអាមេរិក ឬកងទ័ព NATO ប៉ុន្មាននាក់បានស្លាប់ នៅក្រោមកម្មវិធីផ្ដល់លុយរង្វាន់ដែលគេចោទថារុស្ស៊ីផ្ដល់ឱ្យ ក្រុមតាលីបង់នោះទេ ប៉ុន្តែបើតាម New York Times មន្ត្រីទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកជឿជាក់ថា ទាហានអាមេរិកយ៉ាងហោចម្នាក់បានស្លាប់។
*តើលោក ដូណាល់ ត្រាំ ដឹងរឿងលុយរង្វាន់នេះដែរឬទេ?
បើតាមសារព័ត៌មាន New York Times លោក ដូណាល់ ត្រាំ បានទទួលកំណត់ហេតុសរសេរដោយដៃមួយច្បាប់ កាលពីខែកុម្ភៈ កន្លងទៅនេះ ដែលជូនដំណឹងពី ការចោទប្រកាន់ថារុស្ស៊ីផ្ដល់លុយរង្វាន់ក្រុមតាលីបង់។ លើសពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មាន AP ផ្អែកលើប្រភពពីមន្ត្រីអាមេរិកដឹងពីបញ្ហានេះដោយផ្ទាល់ ក៏បានរាយការណ៍ដែរថា សេតវិមានបានដឹងពីរឿងនេះតាំងតែពីដើម ឆ្នាំ២០១៩មកម្លេះ ហើយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន វិញបាន ប្រាប់មិត្តរួមការងារថាលោកបានជូនដំណឹងពីបញ្ហានេះដល់លោក ដូណាល់ ត្រាំ រួចហើយនៅខែមីនា ឆ្នាំ២០២០។
តែយ៉ាងណាក៏ដោយ ជាការឆ្លើយតប លោក ត្រាំ បាននិយាយថាលោកមិនបានដឹង ឬក៏ត្រូវបានជូនដំណឹងពីរបាយការណ៍ថា រុស្ស៊ីបានផ្ដល់ប្រាក់រង្វាន់ឱ្យក្រុមសកម្ម ប្រយុទ្ធតាលីបង់ ជាថ្នូរនឹងការសម្លាប់កងទ័ពអាមេរិក និងកងទ័ពអង្គការ NATO នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឡើយ។ លោក ត្រាំ បានលើកឡើងនៅសារ Twitter កាលពីព្រឹកថ្ងៃអាទិត្យថា៖ «គ្មាននរណាម្នាក់បានជូនដំណឹង ឬប្រាប់ខ្ញុំនោះទេ...ខណៈសេចក្ដីរាយការណ៍ទាំងនោះ ធ្វើឡើងដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះ ដោយសារព័ត៌មានក្លែងក្លាយដូចជា New York Times (@nytimes)»។
ក៏ប៉ុន្តែ ការលើកឡើងបែបនេះរបស់លោក ត្រាំ គឺមិនស៊ីសង្វាក់គ្នាទាល់តែសោះ នឹងសារមួយផ្សេងទៀត ដែលលោកបានបង្ហោះលើ Twitter កាលពីយប់ថ្ងៃអាទិត្យ ដដែលនោះ និងការអះអាងរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី McEnany ដែលថាលោកប្រធានាធិបតីអាមេរិក មិនត្រូវបានគេជូនដំណឹង ឬប្រាប់ពីរឿងនេះ នោះទេ។ លោក ត្រាំ បានគូសបញ្ជាក់នៅលើសារ Twitter ថ្មីនេះដូច្នេះថា៖ «មន្ត្រីចារកម្មអាមេរិក គ្រាន់តែប្រាប់ខ្ញុំថា ពួកគេមិនបានរកឃើញថាព័ត៌មានទាំងនោះ មានភាពគួរឱ្យទុកចិត្តបានតែប៉ុណ្ណោះ ហើយពួកគេក៏សម្រេចចិត្តមិនប្រាប់ខ្ញុំ និងលោកអនុប្រធានាធិបតី ពីបញ្ហានេះ»។
លោកស្រី Susan Hennessey ជាអ្នកជំនាញសន្តិសុខជាតិ និងព័ត៌មានសំងាត់ យល់ថាការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ហាក់ដូចជាលោកខ្លួនឯង ទទួលស្គាល់ថាលោកបានជជែកជាមួយមន្ត្រីស៊ើបការណ៍សំងាត់អាមេរិក ហើយពួកគេបានប្រាប់លោកវិញថា ពួកគេបានសម្រេចចិត្តថាការចោទប្រកាន់លើរុស្ស៊ី ជុំវិញរឿងឱ្យលុយរង្វាន់ដល់ក្រុមតាលីបង់ គឺជារឿងមិនអាចទុកចិត្តបាន។
គួរបញ្ជាក់ថា ខណៈក្រុមសមាជិកសភាអាមេរិកទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ កំពុងទាមទារចម្លើយជាបន្ទាន់ពីរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃចន្ទសប្ដាហ៍នេះ បានបដិសេធការចេញផ្សាយរបស់សារព័ត៌មាន New York Times ដោយចាត់ទុកថាវាគឺជារឿងកុហកបោក ប្រាសហើយថាលោក ពូទីន និងលោក ត្រាំ ក៏មិនដែលជជែកគ្នាពីរឿងនេះដែរ៕
ប្រភព៖ CNN (ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០)