(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៣ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទករណីឆ្លងក្នុងស្រុកទាំងអស់។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។
បើតាមការបញ្ជាក់ពីគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា ករណីឆ្លងក្នុងស្រុកទាំង ០៣ករណីខាងលើនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ជាទីដែលត្រូវបានគេរកឃើញថា មានផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីនោះ។ ដោយឡែកសម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១០នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៤៧៩នាក់។
គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ០៣ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,៥៣៤ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ៕