(រីយ៉ូ)៖ ក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក ប្រេស៊ីលពេលនេះមានករណីឆ្លងជំងឺនេះកើនដល់ជាង ១.៤លាននាក់ហើយ ក្នុងនោះអ្នកស្លាប់មានសរុប ៥៩,៥៩៤នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រេស៊ីលបានកត់ត្រាចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ៣៣,៨៤៦នាក់ ដែលស្ទើរតែស្មើនឹងអត្រាឆ្លងប្រចាំថ្ងៃ នៅសហរដ្ឋអាមេរិកដែរទៅហើយ។ សម្រាប់ចំនួនអ្នកស្លាប់វិញ ត្រូវបានកត់ត្រារហូតដល់ ១,២៨០នាក់ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា។ ដោយឡែកគិតត្រឹមពេលនេះ អ្នកជំងឺសរុបជិត ៨០០,០០០នាក់ហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយវិញ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលកំពុងតែស្ថិតនៅក្នុងការប្រទាញប្រទង់នៅឡើយ ទៅលើគំនិតចង់បើកដំណើរការសេដ្ឋកិច្ចជាច្រើនផ្នែកឡើងវិញដោយរដ្ឋាភិបាល លោកប្រធានាធិបតី បូលសូណារ៉ូ និងការប្រឆាំងពីសំណាក់ក្រុមដែលគិតថា វាជារឿងគ្រោះថ្នាក់ចំពោះការបើកទ្វារឡើងវិញ ទាំងដែលអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺរាតត្បាតសកលនេះ គ្មានសញ្ញាថយចុះសូម្បីតែបន្តិចផងនោះ៕