(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ នេះបានបើកសម្ពោធការិយាល័យថ្មីមួយ សម្រាប់ដោះស្រាយបញ្ហារបស់ប្រជាជនហុងកុង ដែលចង់ផ្តាស់ទីលំនៅមកកាន់ដែនកោះមួយនេះ បន្ទាប់ពីទីក្រុងប៉េកាំង ទើបតែបានអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
នាឱកាសបើកសម្ពោធនោះ លោក ឈិន មីងតុង (Chen Ming-tong) ដែលជាប្រធានស្ថាប័នគោលនយោបាយជាន់ខ្ពស់របស់កោះតៃវ៉ាន់ បានប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ការិយាល័យហុងកុង-តៃវ៉ាន់នេះ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយពាក្យស្នើសុំសិទ្ធិជ្រកកោន ពីសំណាក់ប្រជាជនហុងកុង ដែលចង់មករស់នៅកោះតៃវ៉ាន់ ក្រោមហេតុផលនយោបាយ»។
ទន្ទឹមគ្នានោះ មន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់រូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតថា «វាគឺជាសញ្ញាសម្គាល់មួយដ៏សំខាន់ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា តៃវ៉ាន់នៅគាំទ្រលិទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ហុងកុង»។ បន្ថែមពីនេះទៀត រដ្ឋាភិបាលកោះតៃវ៉ាន់បានសង្កត់ធ្ងន់ថា ខ្លួននឹងទទួលរ៉ាប់រ៉ងលើការចំណាយចាយវាយ ដែលចាំបាច់ទាំងអស់សម្រាប់អ្នក ដែលគេចខ្លួនមករស់នៅដែនដីកោះមួយនេះ ក្រោមហេតុផលនយោបាយ ត្បិតថាសេរីភាព និងសុវត្ថិភាពរបស់ពួកគេ ស្ថិតក្រោមការគំរាមកំហែង។
ប្រជាជនហុងកុងប្រមាណ ៥,០០០នាក់ បានធ្វើការផ្លាស់ទីលំនៅទៅរស់នៅកោះតៃវ៉ាន់ ខណៈពេលដែលទីក្រុងហុងកុងមានការរង្គោះរង្គើជាខ្លាំង ដោយមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធនេះ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានលើកឡើងក្នុងពិធី រំលឹកខួបឆ្នាំទី ២៣ នៃការប្រគល់ហុងកុងឲ្យចិនវិញថា ច្បាប់សន្តិសុខថ្មី ដែលសភាចិនទើបបានអនុម័តកាលពីថ្ងៃម្សិលមិញនេះ គឺជារបត់មួយ ដើម្បីនាំហុងកុងចេញពីភាពជាប់គាំងនាពេលបច្ចុប្បន្ន និងដើម្បីស្តារស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងទីក្រុងនេះឡើងវិញ។
ចិនបានបង្កើតច្បាប់ខាងលើនេះ ដោយស្ថិតនៅក្នុងគោលដៅដោះស្រាយបញ្ហា ជុំវិញអំពើហិង្សា និងតវ៉ានៅក្នុងទីក្រុងហុងកុង ដែលត្រូវបានអូសបន្លាយ ចាប់តាំងពីឆ្នាំ២០១៩។ ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំង ការធ្វើវិទ្ធង្សនា, អំពើភេរវកម្ម, ការបំបែកខ្លួន និងការគប់គិតជាមួយបរទេសជាដើម។ ទោះបីជាអាមេរិក បានចាត់វិធានការមួយចំនួន ដូចជាការរឹតត្បិតទិដ្ឋាការលើមន្ត្រីចិន និងដកឋានៈពិសេស របស់ហុងកុងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ស្របតាមច្បាប់របស់អាមេរិករួចទៅហើយក្តី ក៏ប្រទេសចិន មិនបានបង្ហាញសញ្ញាថា នឹងដកថយវិញនោះដែរ៕