(ប៉េកាំង)៖ ប៉ូលីសហុងកុងបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទៅលើក្រុមអ្នកតវ៉ា ដែលមិនគោរពច្បាប់សន្តិសុខជាតិថ្មី ហើយនឹងបានចាប់ខ្លួនមនុស្សជាង ៣០០នាក់កាលពីថ្ងៃពុធម្សិលមិញ។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តច្បាប់សន្តិសុខជាតិថ្មី ហើយក្រោយមកមួយថ្ងៃ គឺថ្ងៃពុធម្សិលមិញនេះ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ប្រមូលផ្តុំគ្នា ដើម្បីរំលឹកខួបនៃការប្រគល់ទឹកដីរបស់អតីតអាណានិគមអង់គ្លេសទៅឱ្យប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧។
ប៉ូលីសប្រឆាំងកុប្បកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ដែលបាននាំគ្នាស្រែកប្រឆាំងថា «តស៊ូដល់ទីបញ្ចប់» និង «ឯករាជ្យភាពហុងកុង» បន្ទាប់មកបាតុករមួយចំនួនត្រូវបានចាប់ខ្លួន ព្រោះតែទង្វើទាំងអស់នេះត្រូវបានចាត់ទុកថា ជាការបំពានច្បាប់សន្តិសុខជាតិថ្មី។ បុរសវ័យ ៣៥ឆ្នាំម្នាក់មានឈ្មោះថា សិត បាននិយាយថា «ខ្ញុំខ្លាចការជាប់គុក ប៉ុន្តែខ្ញុំត្រូវតែក្រោកឈរឡើងដើម្បីយុត្តិធម៌»។
បើតាមប៉ូលិសហុងកុងបាននិយាយទៀតថា ក្រុមបាតុករបានបង្ហាញសារលើទង់ ខិត្តប័ណ្ណ និងបដាដែលមានចេតនាចង់ធ្វើអបគមន៍ និងផ្តួលរំលំរដ្ឋាភិបាល ដែលជាបទល្មើសប្រឆាំងទៅនឹងច្បាប់សន្តិសុខជាតិថ្មី។ បន្ថែមពីនេះ ក្រុមអ្នកតវ៉ានៅ តំបន់ខូសវេយ បេយ (Causeway Bay) និង វ៉ាន់ឆៃ (Wan Chai) បានបិទផ្លូវ និងបង្កឱ្យខូចខាតហាងមួយចំនួន ដោយមិនបានអើពើនឹងការព្រមាន របស់មន្ត្រីប៉ូលីសឡើយ។
គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីនេះនឹងផ្តន្ទាទោសឧក្រិដ្ឋលើទង្វើអបគមន៍ ការផ្តួលរំលំរដ្ឋាភិបាល អំពើភេរវកម្ម និងការគប់គិតជាមួយបរទេស ដែលអាចជាប់ពន្ធនាគារមួយជីវិត រួមទាំងការអនុញ្ញាតឱ្យធ្វើបត្យាប័នទៅប្រទេសចិន និងការបង្កើតជាផ្លូវការនូវភ្នាក់ងារសន្តិសុខរបស់ចិន នៅក្នុងទីក្រងហុងកុងទៀតផង។
សភាប្រទេសចិនអនុម័តច្បាប់នេះ ជាការឆ្លើយតបទៅនឹងការតវ៉ា
ជាច្រើនខែកាលពីឆ្នាំមុន ដែលបង្កឱ្យមានភាពភ័យខ្លាចថា ទីក្រុងប៉េកាំងមានបំណងដកហូតសេរីភាពរបស់ប្រជាជនហុងកុងក្រោមរូបមន្ត «ប្រទេសមួយប្រព័ន្ធពីរ» ដែលខ្លួនបានព្រមព្រៀងជាមួយអាណានិគមអង់គ្លេសមុនការប្រគល់ទៅឱ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧។ ទោះជាយ៉ាងណា អាជ្ញាធរទីក្រុងប៉េកាំង និងទីក្រុងហុងកុងធ្លាប់ធ្វើការបញ្ជាក់ជាច្រើនដងមកហើយថា ច្បាប់នេះគឺផ្តោតលើក្រុមមនុស្សមួយចំនួនតូច ដែលចូលចិត្តបង្កបញ្ហាតែប៉ុណ្ណោះ នឹងមិនប៉ះពាល់ដល់សិទ្ធិ និងសេរីភាព ព្រមទាំងផលប្រយោជន៍របស់ប្រជាជនធម្មតា និងវិនិយោគិននោះឡើយ៕