(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ១៩,១៤៨នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៣៤នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដាឆ្នាំ២០២០។
បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសខាងត្បូងមួយនេះបានកើនដល់ ៦០៤,៦៤១ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១៧,៨៣៤នាក់ស្លាប់បាត់បង់ជីវិត និង ៣៥៩,៨៦០នាក់ទៀតបានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២២៦,៩៤៧នាក់។
គួរជម្រាបថា នារយៈពេលចុងក្រោយនេះ ឥណ្ឌាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលកំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19។ បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺនៅតែមិនមានភាពថមថយនៅឡើយ ខណៈដែលប្រទេសមួយនេះជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត។ ចំណែកឯករណីស្លាប់វិញឥណ្ឌាជាប់ចំណាត់លេខ ៨ នៅទូទាំងពិភពលោកនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត៕