(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្នាក់ជាតិជាច្រើននាពេលថ្មីៗកន្លងមកនេះ បានឱ្យបង្ហាញថាប្រជាប្រិយភាពរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ត្រាំ មានជាប់ពាក់ព័ន្ធនឹងការដោះ ស្រាយបញ្ហាមួយចំនួនដូចជា COVID-19 ដែលបានសម្លាប់ប្រជាជនអាមេរិកច្រើនជាង ១២០,០០០នាក់ និងបង្កជាវិបត្តិការងារ ដោយមានអ្នកអះអាងថាគ្មានការងារធ្វើរហូតដល់ ច្រើនជាង៤០លាននាក់។ បាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd និងចុងក្រោយបំផុតគឺរឿងអាស្រូវដែលអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោកផ្ទាល់ គឺលោក ចន បូលតុន សរសេរនៅក្នុងសៀវភៅមួយចេញផ្សាយកាលពីខែមិថុនាកន្លងទៅ ក៏ជាដើមហេតុធ្វើឱ្យលោក ត្រាំ ចាញ់លោក បៃដិន នៅក្នុងការស្ទង់មតិផងដែរ។
ប៉ុន្តែ អ្នកជំនាញនយោបាយ ដូចជាលោក Matt Mackowiak យល់ថាការស្ទង់មតិនេះ មិនមែនកំណត់ថាលោក ដូណាល់ ត្រាំ បាត់បង់ឱកាសទាំងស្រុង ដើម្បីជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិកមួយអាណត្តិទៀតនោះទេ។ ពោលគឺ លោកនៅតែមានឱកាសស្ដារស្ថានការណ៍ឡើងវិញ បើសិនជារដ្ឋបាលរបស់លោកអាចធ្វើឱ្យសេដ្ឋកិច្ចជាតិងើបពីវិបត្តិ COVID-19 មុនការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចូលមកដល់។ សេដ្ឋកិច្ច ត្រូវបានគេចាត់ទុកថាជា «គ្រាប់កាំភ្លើងវេទមន្ត» សម្រាប់អ្នកយោបាយអាមេរិក ប្រើប្រាស់ ដើម្បីទាក់ទាញប្រជាប្រិយភាព ឬប្ដូរចិត្តអ្នកបោះឆ្នោត។
លោក Mackowiak បន្ថែមថា ក្រៅតែពីសេដ្ឋកិច្ច ចំណុចមួយដ៏សំខាន់ផ្សេងទៀត ដែលជាមូលហេតុអាចឱ្យលោក ត្រាំ ត្រឡប់មករកភាពខ្លាំងវិញ នោះគឺលោក បៃដិន ត្រូវបានគេមើលឃើញថាចង់ឱ្យការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្លាយជាការបោះឆ្នោតប្រជាមតិមួយលើលោក ត្រាំ ផ្ទុយពីលោក ត្រាំ ដែលចង់ឱ្យការបោះឆ្នោតនេះក្លាយជាទៅ ជម្រើសរបស់ប្រជាជន អាមេរិក ថាតើនរណាពូកែ ក្នុងការសា្ដរសេដ្ឋកិច្ចអាមេរិកឡើងវិញ។ លោក ត្រាំ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាមនុស្សពូកែ ខាងទាញប្រយោជន៍ ពីភាពអវិជ្ជមាននៃគូប្រជែងរបស់លោក។ ជាឧទាហរណ៍ជាក់សែ្តង កំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ លោក ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីតុន សុទ្ធតែមានចំណុចអវិជ្ជមានរៀងៗខ្លួន ប៉ុន្តែលោក ត្រាំ នៅតែអាចយករួចខ្លួន ហើយយកឈ្នះលោកស្រី គី្លតុនបាន។
តែទោះជាបែបនេះក្ដី ក្នុងឆ្នាំ២០២០នេះ គឺលោក ត្រាំ ខ្លួនឯងទៅវិញទេ ដែលមានភាពអវិជ្ជមាន និងរឿងអាស្រូវច្រើនជាងលោក ចូ បៃដិន។ ដូច្នេះ អ្វីដែលក្រុមយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់លោក ត្រាំ ត្រូវធ្វើ នោះគឺគាស់រឿងអាស្រូវ និងភាពអវិជ្ជមានរបស់លោក ចូ បៃដិនឡើង ដើម្បីបង្កើតឱកាសឈ្នះសាជាថ្មី ហើយឱកាសបែបនេះ អាចនឹងកើតឡើង នៅក្នុងវេទិកាជជែកដេញដោលប្រធានាធិបតី។ លោក ដូណាល់ ត្រាំ មានភាពជឿជាក់យ៉ាងខ្លាំងនៅក្នុងការធ្វើការជជែកដេញដោល ដោយលោកបានស្នើឱ្យ បន្ថែមការជជែកដេញដោល និងរៀបចំឡើងឱ្យបានកាន់តែឆាប់ ទៀតផង។
បើតាមលោក Matt Mackowiak ឱកាសរបស់លោក ដូណាល់ ត្រាំ អាចនឹងមើលឃើញកាន់តែច្បាស់ បើសិនជាសេដ្ឋកិច្ចអាមេរិកងើបឡើងវិញ, COVID-19 ស្ថិតនៅក្រោម ការគ្រប់គ្រង ខណៈក្រុមអ្នកអភិរក្សនិយម និងអ្នកគាំទ្ររូបលោកកាលពីឆ្នាំ២០១៦ នៅតែមានភាពស្មោះស្ម័គ្រ និងជឿជាក់លើលោក ត្រាំ ដែលជាមនុស្សម្នាក់សន្យាហើយ ត្រូវ តែធ្វើ។ ពួកគេពេញចិត្តនឹងការសាងសង់ជញ្ជាំងព្រំដែន, ការពង្រឹងច្បាប់អន្តោប្រវេសន៍ និងរឿងជាច្រើនទៀត ដែលលោក ត្រាំ សន្យាចំពោះពួកគេកំឡុងការបោះឆ្នោត ឆ្នាំ២០១៦ ហើយបានធ្វើតាមការសន្យាជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បើតាមការព្យាករមួយចេញផ្សាយដោយសារព័ត៌មានអាមេរិក Politico កាលពីខែមេសា កន្លងទៅ លោក ដូណាល់ ត្រាំ អាចនឹងបាត់បង់សំឡេងប្រតិភូចំនួន ៣៦ ប៉ុន្តែ នៅតែឈ្នះការបោះឆ្នោតដដែល ហើយអាចចាញ់ខាងសំឡេងបោះឆ្នោតពីប្រជាជនអាមេរិក ឬ Popular Vote។ ចំណែកឯ នៅក្នុងការបោះឆ្នោតសភាវិញ គណបក្ស សាធារណរដ្ឋអាចនឹងមានសំឡេងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងព្រឹទ្ធសភា ស្របពេល គណបក្សប្រជាធិបតេយ្យ អាចនឹងបន្តគ្រប់គ្រងសភាតំណាងរាស្ត្រដដែល៕
ប្រភព៖ Politico និង Al Jazeera (ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០)