(ញូដេលី)៖ អាជ្ញាធររដ្ឋ យូតតា ប្រាដែស (Uttar Pradesh) ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្ដើមធ្វើយុទ្ធនាការពិសេសមួយ ដើម្បីដឹកនាំការត្រួតពិនិត្យ និងធ្វើតេស្ដរក COVID-19 ពីផ្ទះមួយទៅផ្ទះមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
យុទ្ធនាការពិសេសខាងលើ បានចាប់ផ្ដើមនៅក្នុងតំបន់រដ្ឋបាល មីរូត (Meerut division) ដែលមានស្រុកចំនួន ០៦ គឺជាតំបន់មានករណីឆ្លង COVID-19 ច្រើនជាងគេនៃរដ្ឋ Uttar Pradesh។ ក្រុមអ្នកជំនាញនឹងធ្វើតេស្ដ ក៏ដូចជាស្វែងយល់បន្ថែមពី COVID-19 ព្រមទាំងជំរុញឱ្យប្រជាជនអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។
គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង COVID-19 ទាំងអស់នៅក្នុងប្រទេសឥណ្ឌា រដ្ឋ Uttar Pradesh មានករណីឆ្លងឈរនៅលំដាប់ទី ៥ ជាមួយអ្នកឆ្លងសរុប ២៤,០៥៦នាករណីក្នុងនោះស្លាប់ ៧១៨នាក់ ហើយការធ្វើតេស្ដពីផ្ទះមួយទៅផ្ទះមួយខាងលើ នឹងត្រូវធ្វើឡើងរហូតដល់ពាក់កណ្ដាលខែកក្កដានេះ ស្របពេលយុទ្ធនាការដូចគ្នា នេះនឹងត្រូវចាប់ផ្ដើមនៅតំបន់ដទៃទៀតនៃរដ្ឋមួយនេះ ចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា។
អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះដែរ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ១៩,១៤៨នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៣៤នាក់បន្ថែមទៀតនៅទូទាំងប្រទេស។
បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសខាងត្បូងមួយនេះបានកើនដល់ ៦០៤,៦៤១ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១៧,៨៣៤នាក់ស្លាប់បាត់បង់ជីវិត និង ៣៥៩,៨៦០នាក់ទៀត បានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២២៦,៩៤៧នាក់៕