(ឡូសអាន់ជែឡេស)៖ មនុស្ស ០៤នាក់បានបាត់បង់ជីវិត នៅក្នុងករណីធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ស្ថិតនៅតំបន់ភ្នំហ្វកខេនយ៉ុន (Fork Canyon) ស្ថិតនៅរដ្ឋយូតាហ៍ (Utah) សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។
មន្ត្រីប្រចាំរដ្ឋ Utah បានប្រាប់សារព័ត៌មានក្នុងតំបន់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃសុក្រ (ពេលវេលាក្នុងតំបន់) នៅចំណុចមួយនៃតំបន់ ប្រជុំភ្នំ Fork Canyon ដែលមានឈ្មោះថា បុកអ៊ែលដឺភីក (Box Elder Peak) មានកម្ពស់រហូតដល់ទៅ ៣,៣៨៣ម៉ែត្រ។
អាជ្ញាធររដ្ឋ Utah បានបន្តទៀតថា មនុស្សជិះនៅលើយន្តហោះខ្នាតតូចនោះ ទាំងអស់ ០៤នាក់គឺបានបាត់បង់ជីវិតទាំងអស់ ប៉ុន្តែក្រុមជំនាញនៅតែកំពុងធ្វើការអង្កេតនៅកន្លែងកើតហេតុ ដើម្បីស្វែងយល់អំពីមូលហេតុ ដែលបង្កការធ្លាក់ខាងលើនេះនៅឡើយ។ តំបន់ខាងលើនេះ គឺត្រូវបានចាត់ទុកជាកន្លែងទេសចរណ៍ ដ៏ពេញនិយមសម្រាប់រដ្ឋ Utah ជាពិសេសសម្រាប់អ្នកថត Selfie និងវីដេអូផ្សងព្រេងជាដើម៕