(ហាផាខាន់)៖ អាជ្ញាធររដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានជីករណ្តៅដ៏ធំមួយ ដើម្បីបញ្ចុះសាកសពកម្មរអណ្តូងរ៉ែរាប់រយនាក់រួមគ្នាតែម្តង ក្រោយពីពួកគេបានបាត់បង់ជីវិត នៅក្នុងគ្រោះរអិលបាក់ដី ដែលបានកើតមានឡើង កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។
សាកសពកម្មករអណ្តូងរ៉ែចំនួន ១៧២នាក់ ត្រូវបានអាជ្ញាធរយកចេញ ពីក្នុងគំនរដីបាក់ និងល្បាប់ភក់ ក្រោយកើតមានហេតុការណ៍ដ៏អកុសលខាងលើ។ នេះមិនមែនជាលើកទី ១ នោះទេសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានកើតមានករណីបាក់អណ្តូងរ៉ែ ឬក៏ហេតុការណ៍រអិលបាក់ដី នៅតំបន់ដែលមានសកម្មភាពរុករករ៉ែ។ ទោះជាបែបនេះក្តី ហេតុការណ៍ក្នុងសប្តាហ៍នេះ ត្រូវបានចាត់ទុកថា ជាគ្រោះអាក្រក់បំផុតមិនធ្លាប់កើតមាន។
គួរបញ្ជាក់ថា នៅទីតាំងជុំវិញរណ្តៅកប់សាកសព គេសង្កេតឃើញមានប្រជាជន និងសាច់ញាតិជនរងគ្រោះ ឈរពាក់ម៉ាស ដើម្បីសម្តែងការសោកស្តាយ ចំពោះការបង់ជីវិតមនុស្សទាំងកម្រោល និងគួរឲ្យសង្វេគបំផុត ប៉ុន្តែពួកគេក៏មិនភ្លេចការពារខ្លួនពីជំងឺ COVID-19 នោះដែរ។ អាជ្ញាធររដ្ឋកាឈីន ដែលស្ថិតនៅជាប់ព្រំដែនចិន បានបញ្ជាក់ថា នៅមានសាកសពមួយចំនួនទៀត អាចកំពុងកប់ក្នុងល្បាប់ដីនៅឡើយ ដែលត្រូវការក្រុមសង្គ្រោះរុករកបន្តទៀត៕