(ស៊ីដនី)៖ រដ្ឋចំនួនពីរនៅអូស្ត្រាលី ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនោះ នឹងត្រូវបិទព្រំដែនតែម្តងចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ ព្រោះតែការផ្ទុះជំងឺឆ្លង COVID-19 ឡើងវិញ និងក្នុងកម្រិតធ្ងន់ធ្ងរជាងមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋទាំងពីរដែលត្រូវបានប្រកាសថា នឹងបិទព្រំដែនរវាងគ្នានោះគឺ ញូសោតវែល (New South Wales) និងវិចតូរៀ (Victoria) ដែលសុទ្ធសឹងតែជារដ្ឋមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតនៅអូស្ត្រាលី។ អំឡុងពេល ២៤ម៉ោងកន្លងទៅនេះ រដ្ឋវីចតូរៀតែឯងប៉ុណ្ណោះបានរកឃើញអ្នកឆ្លងថ្មីៗរហូតដល់ ១២៧នាក់ និងអ្នកជំងឺម្នាក់ស្លាប់។
សម្រាប់ទីក្រុងមែលប៊ន (Melbourne) នៃរដ្ឋវិចតូរៀ បើគិតត្រឹមរយៈពេលពីរទៅបីថ្ងៃចុងក្រោយនេះ ករណីឆ្លងជាច្រើនបានកើតឡើង ដែលបង្ខំឲ្យអាជ្ញាធរចាត់វិធានការណែនាំ ឲ្យប្រជាជនរក្សាគម្លាតសុវត្ថិភាពឡើងវិញ ខណៈអគារស្នាក់នៅចំនួន ០៩កន្លែងត្រូវបានបិទ ដើម្បីពិនិត្យរកអ្នកឆ្លង COVID-19។
គួរបញ្ជាក់ថា អូស្ត្រាលីដែលកន្លងមកត្រូវបានអន្តរជាតិចាត់ទុកថា ជាប្រទេសជោគជ័យក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 នោះ កំពុងតែព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃការផ្ទុះរលកទី ២ ខណៈករណីឆ្លងជាចង្កោមៗ ត្រូវបានរកឃើញជាបន្តបន្ទាប់។ បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លងសរុប ៨,៥៨៣ករណី ក្នុងនោះស្លាប់ ១០៥នាក់ និងជាសះស្បើយវិញ ៧,៤២០នាក់៕