(ប្រេស៊ីឡា)៖ នៅទីក្រុង សៅប៉ូឡូ របស់ប្រទេសប្រេស៊ីល អ្នកអាចដើរផ្សារ, ចូលបា ឬក៏ចូលរួមកម្មវិធីធំៗ ដោយសេរីពុំចាំបាច់ពាក់ម៉ាសទេ បើទោះបីជាករណីឆ្លង COVID-19 នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បានកើនលើស ១.៦លាននាក់ និងករណីស្លាប់នៅតែបន្តកើនឡើងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។
ទីក្រុងដ៏ចំណាស់មួយនេះ មានភាពមមាញឹកជាខ្លាំងកាលពីរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដាម្សិលមិញនេះ ដែលជាថ្ងៃដំបូងនៃដំណាក់កាលបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ មនុស្សម្នាដើរផ្សារយ៉ាងច្រើនកកកុញ អ្នកខ្លះរុញរទេះ អ្នកខ្លះពរកូន, អ្នកខ្លះញុំាបណ្តើរដើរបណ្តើរ ហាក់មិនសូវមានការព្រួយបារម្ភអំពីការឆ្លងជំងឺ COVID-19 នោះឡើយ។ ចំណែកឯ ចំនួនអ្នកដើរពាក់ម៉ាសវិញ ក៏មានមិនច្រើនដែរ។ គេឃើញភាគច្រើនអ្នកដែលពាក់ម៉ាស គឺជាអ្នកលក់ ហើយការពាក់នោះទៀតសោត ក៏មិនត្រូវតាមស្តង់ដាទៀត។ ការរក្សាគម្លាតសុវត្ថិភាព ក៏មិនត្រូវបានប្រកាន់ភ្ជាប់ល្អ នោះដែរ។
តាមពិតទៅ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយជុំវិញរឿងនេះ បើយើងក្រឡេកទៅមើលគោលនយោបាយ របស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសនេះ។ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានមើលស្រាលជំងឺ COVID-19 តាំងពីដំបូងមកម្លេះ ដោយចាត់ទុកថាវាគ្រាន់តែជាជំងឺផ្តាសាយតូចធម្មតាប៉ុណ្ណោះ ហើយថែមទាំងចេញខាងក្រៅតាម ទីសាធារណៈមិនពាក់ម៉ាសទៀតផង។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានដកតំណែង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ខ្លួនផងដែរ ដោយសារតែមានគោលជំហរមិនសូវ ចុះសម្រុងនឹងគ្នា និងបានយកបុគ្គលដែលគ្មានបទពិសោធន៍ខាងសុខាភិបាលម្នាក់ មកកាន់តំណែងជំនួស។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រើអំណាចជំទាស់ (Veto) លើការអនុម័តច្បាប់ជាតិ ដែលនឹងតម្រូវឲ្យពាក់ម៉ាសនៅ លើមធ្យោបាយធ្វើដំណើរសាធារណៈ, ក្នុងគ្រឹះស្ថានពាណិជ្ជកម្ម, កន្លែងជួបជុំសាសនា និងនៅតាមទីសាធារណៈនានាដែលនេះមានន័យថាប្រជាជនមានសេរីភាព ក្នុងការសម្រេចចិត្តពាក់ម៉ាស ឬអត់ ដោយគ្មានការផាកពិន័យឡើយ។
គួរជម្រាបថា រហូតមកទល់ពេលនេះប្រទេសអាមេរិកខាងត្បូងមួយនេះ មានចំនួនអ្នកឆ្លង COVID-19 សរុបលើស ១.៦ លាននាក់ហើយ ដោយក្នុងនោះស្លាប់ជាង ៦.៥ម៉ឺននាក់។ បច្ចុប្បន្ន ប្រេស៊ីលគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតនៅលើពីភពលោក ពោលនៅក្រោយតែ សហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ៕