(ប៉េកាំង)៖ យោងតាមទិន្នន័យពីអាជ្ញាធរអាកាសចរណ៍ចិន បានបង្ហាញនៅថ្ងៃសុក្រនេះថា វិស័យអាកាសចរណ៍ស៊ីវិលរបស់មហាយក្សលេខ ១ ប្រចាំទ្វីបអាស៊ីមួយនេះ បានស្ទុះងើបឡើងវិញជាបណ្តើរៗហើយ ចាប់តាំងពីខែមិថុនា បន្ទាប់ពីការពីការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែជំងឺរាតត្បាតសកល COVID-19 នាអំឡុងប៉ុន្មានខែដំបូង នៃឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
យោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិល នៃប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នានាបានដឹកអ្នកដំណើរសរុបចំនួន ៣០.៧៤លាននាក់កាលពីអំឡុងខែមិថុនា ដែលស្មើនឹងការធ្លាក់ចុះ ៤២.៤ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែវាជាអត្រាប្រសើរឡើងវិញ បើធៀបនឹងខែឧសភា ឆ្នាំ២០២០ ព្រោះតែស្ថានការណ៍ COVID-19 មានសភាពធូរស្រាលបន្តិច។
បន្ថែមពីខាងលើនេះ ក្នុងឆមាសទី ១ នៃឆ្នាំ២០២០ ចំនួនអ្នកដំណើរតាមផ្លូវអាកាស ទាំងក្នុងប្រទេស និងអន្តរជាតិមានចំនួន ១៥០លាននាក់ ដែលស្មើតែ ៤៥.៨%ប៉ុណ្ណោះ នៃចំនួនក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ដោយឡែកការដឹកទំនិញតាមផ្លូវអាកាស ក៏បានធ្លាក់ចុះ ៥.៨% ធៀបទៅឆ្នាំមុន ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២០ មានចំនួន ៥៧៨,០០០តោន។
គួរបញ្ជាក់ថា ការធ្វើចរាចរណ៍តាមផ្លូវអាកាសក្នុងប្រទេសចិន បានឲ្យសញ្ញាងើបឡើងវិញជាបណ្តើរៗ ចាប់តាំងពីស្ថានការណ៍ COVID-19 បានធូរស្រាលខ្លាំងនៅក្នុងប្រទេសនេះ នាអំឡុងខែឧសភាមក។ ដោយឡែកជើងហោះហើរជាមួយប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក ក៏បានចាប់ផ្តើមជាបណ្តើរៗរួចហើយដែរ ប៉ុន្តែស្ថិតក្នុងកម្រិតទាបនៅឡើយ៕