(ហ្សឺណែវ)៖ ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីពផូ ហ្គ្រែនឌី (Filippo Grandi) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភ ចំពោះការផ្លាស់ប្តូរច្បាប់ស្តីអំពីការស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
លោក Grandi បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងព្រួយបារម្ភចំពោះនីតិវិធី ស្តីអំពីការស្នើសុំសិទ្ធិជ្រកកោនដែលកំពុងត្រូវបានត្រួតពិនិត្យឡើងវិញនេះ នឹងអាចបង្ហាញចេញមកថា សហរដ្ឋអាមេរិកកំពុងតែដើរចេញពីគោលនយោបាយមនុស្សធម៌ ដែលខ្លួនបានអនុវត្តជាយូរយាណាស់មកហើយ និងស្របតាមច្បាប់អន្តរជាតិ។
លោក Grandi ក៏បានធ្វើការបញ្ជាក់ទៀតដែរថា ការផ្លាស់ប្តូរច្បាប់ទៅលើជនសុំសិទ្ធិជ្រកកោន មិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយទេ ខណៈដែលការរឹតបន្តឹងផ្សេងៗទៀត ត្រូវបានអនុម័តកាលពីប៉ុន្មានឆ្នាំមុន ដូច្នេះមានន័យថា ជនភៀសជាច្រើនដែលគេចចេញពីការជិះជាន់នឹងមិនអាចស្នើសុំ ឬទទួលបានការការពារ នៅសហរដ្ឋអាមេរិកនោះទេ។
ទោះជាយ៉ាងណាក៏ដោយលោក Grandi នៅតែទទូចឱ្យអន្តរការីរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងនៅក្នុងរដ្ឋាភិបាលទាំងអស់ នៅជុំវិញពិភពលោកត្រូវគិតគូរឱ្យច្បាស់ មុនពេលដែលពួកគេសម្រេចចិត្តថា តើគោលនយោបាយមួយណាដែលសមហេតុផល។ កាតព្វកិច្ចក្នុងការផ្តល់ទីជម្រកសុវត្ថិភាព ដល់ជនភៀសខ្លួនពីប្រទេស ឬតំបន់មានជម្លោះប្រដាប់អាវុធ អំពើហិង្សា និងការជិះជាន់ គឺជាស្នូលនៃច្បាប់អន្តរជាតិក្នុងសម័យទំនើបនេះ៕