(កាហ្សាក់ស្ថាន)៖ ជំងឺរលាតសួតថ្មីមួយ ដែលគេមិនទាន់ដឹងប្រភព និងឥទ្ធិពលច្បាស់លាស់ បានសម្លាប់ជីវិតមនុស្សជាង ១,៧០០នាក់ហើយនៅក្នុងប្រទេសកាហ្សាក់ស្ថាន ខណៈស្ថានទូតចិន ប្រចាំប្រទេសអាស៊ីកណ្តាលមួយនេះ បានចេញសេចក្តីព្រមានភ្លាមៗថា ជំងឺថ្មីនេះមានភាពសាហាវ ជាងវីរុសកូរ៉ូណាថ្មី (COVID-19) ទៅទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក CNN នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា «មន្ត្រីផ្នែកសុខាភិបាល និងភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀត នៅកាហ្សាក់ស្ថាន កំពុងតែធ្វើការពិសោធន៍ និងប្រៀបធៀប ទៅលើវីរុសថ្មី ដែលបង្កជាជំងឺរលាកសួតខាងលើនេះ»។ មន្ត្រីចិនបានបន្តទៀតថា ជំងឺរលាកសួតថ្មីនេះ បានផ្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ កាលពីអំឡុងពាក់កណ្តាលខែមិថុនាកន្លងទៅនេះ ខណៈអាជ្ញាធរកាហ្សាក់ស្ថាន បានរាយការណ៍ពីករណីសង្ស័យឆ្លងជំងឺថ្មីនេះជាង ២០០នាក់ក្នុងមួយថ្ងៃៗ ដាច់ដោយឡែកពីការឆ្លងវីរុសកូរ៉ូណា (COVID-19)។
បើតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរកាហ្សាក់ស្ថាន មនុស្សសរុប ១,៧៧២នាក់ហើយបានស្លាប់ (៦២៨នាក់ស្លាប់តែនៅក្នុង ខែមិថុនាមួយប៉ុណ្ណោះ) និង ៥០០នាក់ទៀតទើបឆ្លង ក្នុងនោះជាង ៣០នាក់មានស្ថានភាពធ្ងន់ធ្ងរ។ តំបន់ចំនួនបីនៅកាហ្សាក់ស្ថាន ដែលកំពុងកើតមានករណីឆ្លងវីរុសប្រភេទថ្មី (មិនទាន់មានឈ្មោះ) មានដូចជា អាធីរ៉ូ (Atyrau), អាក់ថូបេ (Aktobe) និងសីមខេនត៍ (Shymkent)។
គួរបញ្ជាក់ថា ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ ព្យាយាមស្ថិតនៅក្នុងផ្ទះ និងតាមដានព័ត៌មានជាប់ជានិច្ចអំពីស្ថានការណ៍វិវឌ្ឍ។ ដោយឡែកអង្គការ សុខភាពពិភពលោក (WHO) មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយ ពាក់ព័ន្ធនឹងជំងឺរលាកសួតថ្មីខាងលើនេះឡើយ។ ងាកមកកាន់ជំងឺ COVIID-19 វិញពេលនេះកាហ្សាក់ស្ថានមានករណីឆ្លងសរុបជាង ៥៣,០០០ករណី ក្នុងនោះស្លាប់ជាង ២៦០នាក់៕