(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ២៦,៥០៦ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៤៧៥នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនដល់ ៧៩៣,៨០២ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២១,៦០៤នាក់ស្លាប់បាត់បង់ជីវិត និង ៤៩៥,៥១៣នាក់ទៀត បានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២៧៦,៦៨៥នាក់។
គួរជម្រាបថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីបានវ៉ាដាច់រុស្ស៊ីកាលពីថ្ងៃចន្ទកន្លងទៅនេះ។ ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្តនៅក្នុងតំបន់ ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ (Containment Zones)។
អគ្គនាយកអាកាសចរណ៍ស៊ីវិល ហៅកាត់ថា DGCA កាលពីថ្ងៃសុក្រសប្តាហ៍មុនបានប្រកាសថា ការហោះហើរអន្តរជាតិ ចូល និងចេញពីប្រទេសឥណ្ឌានឹងបន្តផ្អាករហូតដល់ថ្ងៃទី ៣១ ខែកក្កដា។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះអាជ្ញាធររដ្ឋ យូតាប្រាដែស (Uttar Pradesh) ជារដ្ឋដែលមានចំនួនប្រជាជានប្រហែលជា ២៣០លាននាក់ ច្រើនជាងគេនៅប្រទេសឥណ្ឌា បានសម្រេចអនុវត្តវិធានការរិតត្បិតនៅចុងសប្តាហ៍ ដែលគិតចាប់ពីយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃចន្ទ ដើម្បីកាត់បន្ថយខ្សែចម្លង COVID-19 ក្នុងសហគមន៍៕