(កាហ្សាក់ស្ថាន)៖ រដ្ឋាភិបាលកាហ្សាក់ស្ថាន បានចេញមុខមកច្រានចោលភ្លាមៗ នូវការអះអាងរបស់ស្ថានទូតចិន ដែលបានព្រមានថា មានករណីផ្ទុះជំងឺរលាកសួតថ្មីមួយ ដែលគេមិនទាន់ដឹងប្រភពច្បាស់លាស់នៅឡើយ ខណៈជំងឺប្រភេទថ្មីនេះ បានសម្លាប់មនុស្សប្រមាណជាង ១,៧០០នាក់ រួចស្រេចទៅហើយនៅប្រទេសអាស៊ីកណ្តាលមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នាល្ងាចថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
កាលពីប៉ុន្មានម៉ោងមុននេះ ស្ថានទូតចិនប្រចាំប្រទេសកាហ្សាក់ស្ថាន បានចេញសញ្ញាព្រមានពីលទ្ធភាព នៃការផ្ទុះជំងឺរលាកសួតថ្មីមួយទៀត ដែលសាហាវជាងវីរុសកូរ៉ូណា (COVID-19) ទៅទៀត។ មន្ត្រីទូតចិនបានបន្តទៀតថា ជំងឺរលាកសួតថ្មីនេះ បានផ្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ កាលពីអំឡុងពាក់កណ្តាលខែមិថុនា កន្លងទៅនេះ ខណៈអាជ្ញាធរកាហ្សាក់ស្ថាន បានរាយការណ៍ពីករណីសង្ស័យឆ្លងជំងឺថ្មីនេះជាង ២០០នាក់ក្នុងមួយថ្ងៃៗ ដាច់ដោយឡែកពីការឆ្លងវីរុសកូរ៉ូណា។
ទោះជាយ៉ាងណានៅថ្ងៃសុក្រដដែលនេះ អាជ្ញាធរសុខាភិបាលរបស់ប្រទេសកាហ្សាក់ស្ថាន បានចេញមុខមកច្រានចោលព័ត៌មានខាងលើ ដោយបានចាត់ទុកព័ត៌មាននេះថា «ជាព័ត៌មានក្លែងក្លាយ»។ អាជ្ញាធរកាហ្សាក់ស្ថាន បានលើកឡើងយ៉ាងដូច្នេះថា «ព័ត៌មានដែលចុះផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយចំនួន ទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី នៅកាហ្សាក់ស្ថានគឺមិនត្រឹមត្រូវទេ»។
គួរបញ្ជាក់ថា ជុំវិញព័ត៌មានខាងលើនេះ ក្រសួងសុខាភិបាលកាហ្សាក់ស្ថានសង្កត់ធ្ងន់ថា ករណីឆ្លងវីរុសទាំងអស់ នៅក្នុងប្រទេសកាហ្សាក់ស្ថាន រាប់បញ្ចូលទាំងករណីដែលមិនដឹងពីប្រភពច្បាស់លាស់ គឺសុទ្ធតែស្របតាមគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក។ យ៉ាងណាក៏ដោយ កាហ្សាក់ស្ថានមិនបានពន្យល់ឲ្យលម្អិត អំពីវីរុសបង្កជំងឺរលាកសួតថ្មី ដែលចិនបានអះអាងថា សាហាវជាងវីរុសកូរ៉ូណានោះឡើយ៕