(តូក្យូ)៖ អាជ្ញាធរទីក្រុងតូក្យូនៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ បានប្រកាសថាតូក្យូបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៤៣ករណីបន្ថែម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
អត្រាអ្នកឆ្លង COVID-19 ដែលត្រូវបានរកឃើញប្រចាំថ្ងៃ នៅក្នុងទីក្រុងតូក្យូ គឺបានបន្តលើសពី២០០ករណី ២ថ្ងៃជាប់គ្នាហើយ។ តួលេខ សម្រាប់ថ្ងៃសុក្រនេះ គឺខ្ពស់ជាងតួលេខដែលអាជ្ញាធរតូក្យូបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញទៅទៀត គឺ២២៤នាក់។ តូក្យូ
បាននិងកំពុងព្យាយាមទប់ស្កាត់ការផ្ទុះងើបឡើងវិញនៃការឆ្លងរីករាលដាល COVID-19 ចាប់តាំងពីការប្រកាសអាសន្ននៅទូទាំងប្រទេស ត្រូវបានដកចេញទាំងស្រុងវិញកាលពីថ្ងៃទី២៥ ខែឧសភាមកម៉្លេះ។
តួលេខនៃអ្នកឆ្លងថ្មីៗនៅទីក្រុងតូក្យូ ត្រូវគេកត់សម្គាល់ថា បានកើនឡើងមកវិញ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេល ដែលអាជ្ញាធរបានចាប់ផ្តើមបើកយុទ្ធនាការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ។ បើតាមអាជ្ញាធរទីក្រុងតូក្យូ នៅក្នុងតំបន់កម្សាន្តពេលរាត្រី ស៉ីនជូគូ (Shinjuku) និង អ៉ីគីប៊ូគូរ៉ូ (Ikebukuro) គឺជាកន្លែងដែលករណីឆ្លងបានស្ទុះឡើងវិញខ្លាំង។ អាជ្ញាធរតូក្យូ បានព្រមានដល់អ្នក
ដែលចូលចិត្តទៅតំបន់រាត្រីទាំងនោះ ត្រូវតែបង្កើនការប្រុងប្រយ័ត្នដើម្បីការពារខ្លួន និងបានអំពាវនាវឱ្យអ្នកដែលមានអារម្មណ៍ឈឺថ្កាក់ ឬក្តៅខ្លួន មិនគួរចាកចេញពីទីក្រុងឡើយ ខណៈដែរខ្លួនធ្លាប់ទទូចឱ្យប្រជាជនមិនត្រូវធ្វើដំណើរឆ្លងខេត្តម្តងរួចទៅហើយ។
កាលពីម្សិលមិញ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយថា ស្ថានការណ៍នឹងត្រូវបន្តឃ្លាំមើលយ៉ាងដិតដល់បំផុត ហើយ លោកបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្នប្រព័ន្ធសុខាភិបាល គឺអាចគ្រប់គ្រងស្ថានការណ៍បានដោយប្រសិទ្ធភាព។ អ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោក យ៉ូស៉ីហីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយថា ខណៈនេះរដ្ឋាភិបាលមិនទាន់គិតគូរអំពីការប្រកាសអាសន្នម្តង ទៀត នោះទេ។
លើសពីនេះទៅទៀត លោកក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែរថា ការកើនឡើងវិញនៃករណីឆ្លង COVID-19 នៅទីក្រុងតូក្យូ នឹងពុំផ្លាស់ប្តូរការសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពីការបន្ធូរបន្ថយការដាក់កំហិត លើចំនួនមនុស្សដែលចូលរួមព្រឹត្តិការណ៍ នានា នោះទេ។ នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចបន្ធូរបន្ថយការរឹតបន្តឹង និងអនុញ្ញាតឱ្យមានមនុស្សរហូតដល់ ៥,០០០នាក់ អាចចូលរួមព្រឹត្តិការណ៍នានា រួមទាំងព្រឹត្តិការណ៍កីឡាផងដែរ។
គូរបញ្ជាក់ថា ទីក្រុងតូក្យូមានករណីឆ្លងសរុបចំនួន៧,៥១៥ករណី ប្រហែលជាស្មើនឹងមួយភាគយបី នៃករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេស៕