(រីយ៉ូ)៖ ប្រទេសប្រេស៊ីលនៅតែបន្តស្ថានភាពធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ខណៈចំនួនមនុស្សស្លាប់ពេលនេះ បានកើនឡើងរហូតដល់ទៅជាង ៧០,០០០នាក់ហើយ ក្នុងចំណោមករណីឆ្លងជំងឺនេះសរុបជាង ១.៨លានករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសឲ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកស្លាប់ដោយសារ COVID-19 ចំនួន ១,២១៤នាក់ថ្មីទៀតត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ៧០,៣៩៨នាក់។ នៅក្នុងរយៈពេលដូចគ្នានេះ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗទៀតសរុប ៤៥,០៤៨នាក់ក៏ត្រូវបានរាយការណ៍ នៅទូទាំងប្រទេសប្រេស៊ីលផងដែរ។
គួរបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក និងស្ថិតនៅចង្កោមទ្វីបអាមេរិកដូចគ្នា។ ក្នុងចំណោមករណីឆ្លងសរុបទាំងជាង ១.៨លានករណីនោះ រដ្ឋសៅប៉ូឡូដែលមានប្រជាជនរស់នៅច្រើនជាង កំពុងរាប់រងរហូតដល់ជិត ៣៦០,០០០ករណីតែឯងទៅហើយ ក្នុងនោះអ្នកស្លាប់មានជាង ១៧,៤០០នាក់៕